បរទេស៖ ប្រទេសថៃ មានអ្នកជំងឺកូវីដ១៩ ចំនួន២ នាក់ទៀតបានស្លាប់ ដែលនាំឱ្យមានអ្នកស្លាប់ សរុបកើនដល់ ៣៥នាក់ និងបានរកឃើញ ករណីឆ្លងជំងឺថ្មីចំនួន ៤៥នាក់ទៀត សរុបអ្នកឆ្លងជំងឺមានចំនួន ២.៥១៨ នាក់។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា លោក Taweesin Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌល គ្រប់គ្រងស្ថានភាពជំងឺ Covid-19 (CCSA) បាននិយាយនៅថ្ងៃសៅរ៍ថា អ្នកជំងឺ ២ នាក់ទៀតបានស្លាប់ និងការឆ្លងថ្មីចំនួន ៤៥ នាក់ក្នុងនោះមាន ៩ នាក់ ជាអ្នកត្រូវបានដាក់ ឱ្យនៅដាច់ដោយឡែក និងបានរកឃើញកាលពីថ្ងៃសុក្រ ដែលការរកឃើញថ្មីនេះ បាននាំករណីឆ្លងកើនឡើង នៅក្នុងខេត្តចំនួន ៦៨ ដល់ ២.៥១៨ នាក់។
អ្នកស្លាប់ម្នាក់គឺជនជាតិថៃ ដែលមានរាងកាយធាត់ អាយុ ៣៦ ឆ្នាំ ដែលធ្វើការនៅហាងបញ្ចាំ និងរស់នៅជាមួយ ម្តាយនិងប្អូនស្រីរបស់គាត់។ គាត់បានធ្លាក់ខ្លួនឈឺ ដោយមានគ្រុនក្តៅខ្លាំង និងក្អក។ គាត់បានស្វែងរកការព្យាបាល នៅមន្ទីរពេទ្យឯកជនមួយ ហើយត្រូវបាន គេធ្វើរោគវិនិច្ឆ័យថា មាន Covid-19 នៅថ្ងៃទី ២ ខែមេសា។
អ្នកស្លាប់ទី ២ គឺបុរសជនជាតិថៃអាយុ ៦៥ ឆ្នាំ ដែលធ្វើការជាអ្នកបោសសំអាត នៅទីក្រុងបាងកក។ គាត់បានធ្វើដំណើរទៅខេត្ត Phayao កាលពីថ្ងៃទី១៦មីនា ។ ៨ថ្ងៃក្រោយមក គាត់ក្តៅខ្លួនខ្លាំងនិងក្អក។ គាត់បានស្វែងរកការព្យាបាល នៅមន្ទីរពេទ្យមួយនៅខេត្តភាគខាងជើងនេះ ហើយបានធ្វើតេស្តវិជ្ជមាន៕ ប្រែសម្រួលៈ ណៃ តុលា