ព័ត៌មានជាតិ

ឆ្នាំ២០២៤ គ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ២.៨៤៤លើក មានអ្នកស្លាប់ចំនួន ១.៥០៩នាក់

ភ្នំពេញ៖ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គិតពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចររាចរណ៍កើតឡើងចំនួន ២.៨៤៤លើក មានអ្នកស្លាប់ចំនួន ១. ៥០៩នាក់ គិតជាមធ្យមក្នុងមួយថ្ងៃៗ មានជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ចំនួន ៤នាក់ បានស្លាប់។

តាមរយៈបណ្ដាញសង្គម នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ លោក ផន រឹម បានគូសបញ្ជាក់ថា ពេញមួយឆ្នាំ២០២៤ ជាមធ្យមក្នុងមួយថ្ងៃៗ មានជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ចំនួន ៤នាក់បានស្លាប់ ខណៈដែលមូលហេតុបណ្តាលឱ្យកើតមាន គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០២៤ ច្រើនជាងគេ គឺកត្តាល្បឿន និងការមិនគោរពសិទ្ធិ។

លោក បន្ដថា «គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ប្រចាំឆ្នាំ២០២៤ (គិតពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤) គ្រោះថ្នាក់កើតឡើងចំនួន ២.៨៤៤លើក, អ្នកស្លាប់ចំនួន ១.៥០៩នាក់(ជាមធ្យមស្លាប់៤នាក់/ថ្ងៃ), របួសធ្ងន់ចំនួន ២.២៧៣នាក់, របួសស្រាល ១.៤៤៧នាក់, មិនពាក់មួកសុវត្ថិភាពពេលមានគ្រោះថ្នាក់ចំនួន ២.៤៧៧នាក់»។

បើប្រៀបធៀបគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០២៤ និងប្រចាំឆ្នាំ២០២៣ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកថយចុះ ៤៧៣លើក (ស្មើនឹង ១៤%), អ្នកស្លាប់ថយចុះចំនួន ៨១នាក់ (ស្មើ ៥%) , របួសធ្ងន់ថយចុះ ៤៩៣នាក់(ស្មើ ១៨%), របួសស្រាលថយចុះ ៣០២នាក់ (ស្មើ១៧%), មិនពាក់មួកសុវត្ថិភាពពេលមានគ្រោះថ្នាក់ថយចុះ ៥៩៦នាក់(ស្មើ១៩%)។

មូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០២៤ មានដូចជា៖ ល្បឿន ១១៥៦លើក ស្មើនឹង ៤០,៦%, មិនគោរពសិទ្ធិ ៦៤៩លើក ស្មើនឹង ២៣%, មិនប្រកាន់ស្តាំ ២៦៨លើក ស្មើនឹង ៩,៤%, បត់គ្រោះថ្នាក់ ២២១លើក ស្មើនឹង ៨%, ប្រជែងគ្រោះថ្នាក់ ២១៥លើក ស្មើនឹង ៧,៦%, កត្តាយាន ១១៤លើក ស្មើនឹង ៤%, ស្រវឹង ១០៥លើក ស្មើនឹង ៣,៧%, អាកាសធាតុ ៣៥លើក ស្មើនឹង ១%, មិនគោរពភ្លើងសញ្ញា ៣៣លើក ស្មើនឹង ១%, ងងុយ ២៩លើក ស្មើនឹង ១% និង កត្តាផ្លូវ ១៩លើក ស្មើនឹង ០,៧%៕

To Top