ភ្នំពេញ៖ លោកទេសរដ្ឋមន្រ្តី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា(គ.ស.ម.ក) ក្នុងឱកាសចុះសំណេះសំណាល សួរសុខទុក្ខ និងការពិនិត្យស្ថានភាពសិទ្ធិមនុស្ស ក្នុងមណ្ឌលអប់រំកែប្រែទី២(ម២) បានឆ្លៀតពេលជួបសួរសុខទុក្ខកញ្ញា សេង ធារីដែលបានជាប់ពន្ធនាគារអស់រយៈពេល ប្រមាណជាជាង២ឆ្នាំមកហើយ ។
ក្នុងឱកាសនោះ លោកទេសរដ្ឋមន្រ្តីកែវ រ៉េមី ក៏បានកត់សម្គាល់ឃើញថា “កញ្ញាមានសុខភាពល្អជាធម្មតាទាំងស្មារតី និងកាយសម្បទា” ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់គ.ស.ម.ក នាថ្ងៃ៩ មករា ។
ការលើកឡើងរបស់លោកទេសរដ្ឋមន្រ្តី អំពីកញ្ញាមានសុខភាពល្អជាធម្មតា ទាំងស្មារតី និងកាយសម្បទានេះ ដោយសារកាលពីពេលថ្មីៗនេះ កញ្ញា សេង ធារី បានផ្ញើសារចេញពីពន្ធនាគារមក តាមរយៈមេធាវីការពារក្តីបានអះអាងថា ខ្លួនទទួលរងការធ្វើទារុណកម្មផ្លូវចិត្ត និងហិង្សា។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៤ មិថុនា ឆ្នាំ២០២២កញ្ញា សេង ធារី ដែលជាមេធាវីមានសញ្ជាតិខ្មែរ-អាមេរិក ត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារ ៦ឆ្នាំ ក្នុងបទល្មើសញុះញង់ និងរួមគំនិតក្បត់ជាតិពាក់ព័ន្ធការដឹកនាំ ការគាំទ្រក្នុងផែនការវិលត្រឡប់មកកម្ពុជាវិញ របស់លោក សម រង្ស៊ី កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ៕