បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកសារព័ត៌មាន កាលពីថ្ងៃព្រហស្បតិ៍ថា ទីក្រុងមូស្គូនឹងមានឆន្ទៈ ក្នុងការពិភាក្សាជាមួយប្រធានាធិបតី ជាប់ឆ្នោត របស់សហរដ្ឋអាមេរិក លោក Donald Trump ប្រសិនបើគាត់ប្រកាន់ខ្ជាប់ នូវផែនការរបស់គាត់ ក្នុងការស្តារទំនាក់ទំនងឡើងវិញ ។
លោក Trump បានសន្យាក្នុងឱកាសកម្មវិធីជាច្រើនថា លោកអាចសម្រេចបាន ការចរចាដោះស្រាយជម្លោះអ៊ុយក្រែនក្នុងពេលតែមួយថ្ងៃប៉ុណ្ណោះដោយ ក្នុងនោះកាលពីខែធ្នូ លោកក៏បាននិយាយផងដែរថា លោកនឹងរង់ចាំកិច្ចប្រជុំ ជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ដើម្បីបញ្ចប់អរិភាពនេះ។
ទីក្រុងមូស្គូបាននិយាយម្តងហើយម្តងទៀតថា ខ្លួនបានត្រៀមខ្លួនរួចជាស្រេច សម្រាប់ការសន្ទនាអំពីដំណោះស្រាយសន្តិភាព ដ៏មានសក្តានុពលមួយ ហើយបានចោទប្រកាន់ទីក្រុងគៀវ ពីការបដិសេធមិនចូលរួម ក្នុងការចរចាទៀតផងដែរ ។
កាលពីថ្ងៃព្រហស្បតិ៍លោក Peskov បាននិយាយថា លោក Putin នឹងស្វាគមន៍នៅពេល ដែលលោកTrump នឹង រក្សាឆន្ទៈនយោបាយ របស់គាត់ដើម្បីស្តារទំនាក់ទំនង នៅកម្រិតខ្ពស់បំផុត បន្ទាប់ពីការឡើងកាន់តំណែង របស់គាត់នៅថ្ងៃទី២០ ខែមករាខាងមុខនេះ ដែលក្នុងនោះដែរ ប្រធានាធិបតីរុស្ស៊ី បាននិយាយម្តងហើយម្តងទៀត អំពីការត្រៀមខ្លួនរបស់គាត់ សម្រាប់ការសន្ទនា និងតម្រូវការទាំងឡាយ នៅក្នុងការសន្ទនា៕
ប្រែសម្រួល៖ស៊ុនលី