ព័ត៌មានជាតិ

NEA សហការជាមួយក្រុមហ៊ុនធំៗ ចំនួន៥ រៀបចំវេទិកាការងារ ដោយនាំយកឱកាសការងារ ជាង១៣០០ កន្លែង សម្រាប់យុវជន

ភ្នំពេញ៖ទីភ្នាក់ងារជាតិ មុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយ សាកលវិទ្យាល័យឯកទេស នៃកម្ពុជា(CUS) និងសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំវេទិកាការងារ និងឱកាសកម្មសិក្សាការងារ នៅថ្ងៃអាទិត្យ ទី១២ ខែមករា ឆ្នាំ២០២៥ ខាងមុខនេះ ដោយនាំយកឱកាសការងារថ្មីបន្ថែមទៀតចំនួន១៣៦៩ កន្លែង ពីក្រុមហ៊ុនធំៗ៥ សម្រាប់ផ្តល់ជូនយុវជន សិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ ។

ក្រុមហ៊ុនធំៗទាំង៥ ដែលនឹងចូលរួមក្នុងវេទិកាការងារនេះ មានដូចជា៖ធនាគារ កាណាឌីយ៉ា, ក្រុមហ៊ុន TRUMP FITNES ក្រុមហ៊ុន ONLINE, អង្គការប្រព័ន្ធទិន្នន័យកម្ពុជា (DDD)និងមីក្រូហិរញ្ញវត្ថុ JACCS។ ចំពោះ យុវជន សិស្ស/និស្សិត និងអ្នកកំពុងតែស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារ អាចយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសផ្ទាល់ជាមួយតំណាងក្រុមហ៊ុនទាំងនោះបាន ចាប់ពីម៉ោង ៨:០០ព្រឹក ដល់ម៉ោង ០៥:០០ល្ងាច នៅសាកលវិទ្យាល័យឯកទេសនៃកម្ពុជា(CUS) ក្នុងអាគារ F ផ្លូវ ៦២ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

លោក គុយ សុខា មន្ត្រីផ្នែក Partnership នៃអង្គការប្រព័ន្ធទិន្នន័យកម្ពុជា(DDD) លើកឡើងថា លោកពិតជាសប្បាយចិត្ត ក្នុងការចូលរួមជាមួយ NEA ក្នុងការផ្តល់ព័ត៌មានពីទីផ្សារការងារ និងកឱកាសការងារ ដល់សិស្សនិស្សិត ពិសេសនិស្សិត ដែលទើបតែនឹងបញ្ចប់ការសិក្សា ពីមហាវិទ្យាល័យ។ លោកបន្ថែមថា តាមរយៈកិច្ចសហការជាមួយនឹង NEA កន្លងមក លោកមើលឃើញថា NEA គឺជាស្ថាប័នមួយ ដែលយុវជន សិស្សនិស្សិត មិនគួរមើលរំលង់នោះទេ ព្រោះស្ថាប័រដ្ឋមួយនេះជាកន្លែង ប្រមូលផ្តុំព័ត៌មានទីផ្សារនៅប្រទេសកម្ពុជាយ៉ាងសំបូរបែប មួយទៀតស្ថាប័នមួយនេះ ក៏ជាកន្លែងផ្តល់នូវមគ្គុទេសក៍ដំបូងក្នុងការផ្តល់ នូវការប្រឹក្សាការងារ ចំពោះសិស្សនិស្សិត ដែលឈានជើងចូលក្នុងទីផ្សារដំបូងផងដែរ។

លោក សុខា បញ្ជាក់បន្តថា លោកពិតជាកោតសរសើរចំពោះ NEA ដែលតែងតែរឹះរកវិធីសាស្ត្រល្អៗ ក្នុងតំណាងក្រុមហ៊ុនផ្សេងៗទាំងនៅក្នុងរាជធានី និងនៅតាមបណ្តាខេត្ត ដើម្បីផ្តល់ឱកាសដល់អ្នកស្វែងរកការងារធ្វើ ឬអ្នកចង់ផ្លាស់ប្តូរការងារ បានជួបដោយផ្ទាល់ជាមួយនឹងតំណាងមកពីក្រុមហ៊ុននោះ។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញនៃ ទីភ្នាក់ងារជាតិមុខរបរ និងការងារ តាមរយៈលេខទូរស័ព្ទ ០១៦ ៧៨ ៦៦ ៥៥ ឬគេហទំព័រ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ) ៕

To Top