សេអ៊ូល ៖ ប្រធានសេវាសន្តិសុខ ប្រធានាធិបតី (PSS) បានឲ្យដឹងនៅថ្ងៃសុក្រនេះថា ការប៉ះទង្គិច ឬការបង្ហូរឈាម មិនគួរកើតឡើងទេ នៅពេលដែលក្រុមអ្នកស៊ើប អង្កេតម្តងទៀតព្យាយាមឃុំខ្លួនប្រធានាធិបតី ដែលត្រូវបានចោទ ប្រកាន់លោក Yoon Suk Yeol ជុំវិញការប្រកាសច្បាប់អាជ្ញាសឹក របស់លោក នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានយុនហាប់។
លោក Park Chong-jun ប្រធាន PSS បានធ្វើការកត់សម្គាល់នៅពេលលោក បានបង្ហាញខ្លួននៅចំពោះមុខប៉ូលិស ដើម្បីសាកសួរជុំវិញការចោទប្រកាន់ថា លោកបានបញ្ជាឱ្យមន្ត្រីសន្តិសុខ ប្រធានាធិបតីរារាំងការិយាល័យស៊ើបអង្កេត អំពើពុករលួយសម្រាប់មន្រ្តីជាន់ខ្ពស់ (CIO) ដែលរងសម្ពាធដោយប៉ូលីសអនុវត្ដដីកាឃុំខ្លួនលោក Yoon កាលពីពេលថ្មីៗនេះ។
លោក Park បានលើកឡើងថា “ខ្ញុំជឿថាមនុស្សជាច្រើនត្រូវតែមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីស្ថានភាពបច្ចុប្បន្នថាតើភ្នាក់ងាររដ្ឋាភិបាលកំពុងប៉ះទង្គិចគ្នា និងប្រឈមមុខដាក់គ្នាឬយ៉ាងណា មិនគួរមានការប៉ះទង្គិចគ្នាខាងរាងកាយ និង ការបង្ហូរឈាមក្នុងកាលៈទេសៈណាក៏ដោយ” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានយុនហាប់ ។
លោកបានលើកឡើងពីកង្វល់សាធារណៈជុំវិញការប្រឈមមុខដាក់គ្នារវាងអ្នកស៊ើបអង្កេត និងសេវាសន្តិសុខប្រធានាធិបតីរបស់លោក Yoon “ខ្ញុំគិតថាការស៊ើបអង្កេតគួរតែដំណើរការ ក្នុងលក្ខណៈសមស្របនឹងស្ថានភាពរបស់ប្រធានាធិបតី” នៅពេលលោកចូល ទៅក្នុងទីស្នាក់ការកណ្តាល ស៊ើបអង្កេតរួមនៅភាគខាងលិចទីក្រុងសេអ៊ូល។
លោក Yoon បានបដិសេធមិន សហការជាមួយនឹងការកោះហៅរបស់ CIO សម្រាប់ការសាកសួរ ឬដីកាប្រតិបត្តិ ដោយសារទីភ្នាក់ងារនេះ មិនត្រូវបានអនុញ្ញាត តាមបច្ចេកទេស ក្នុងការស៊ើបអង្កេតការចោទប្រកាន់ពីបទ បះបោរដែលលោកប្រឈមមុខ នឹងការដាក់ច្បាប់អាជ្ញាសឹក រយៈពេលខ្លីរបស់លោកនៅថ្ងៃទី០៣ ខែធ្នូ៕
ប្រែសម្រួល ឈូក បូរ៉ា