បរទេស៖ ប្រធានាធិបតីជាប់ឆ្នោត របស់សហរដ្ឋអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា កិច្ចប្រជុំមួយកំពុងត្រូវ បានបង្កើតឡើងរវាងលោក និងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា លោក Trump បាននិយាយមុនពេលកិច្ចប្រជុំ ជាមួយអភិបាល នៃគណបក្សសាធារណរដ្ឋ នៅក្នុងក្លឹបវាយកូនហ្គោល Mar-a-Lago របស់លោកនៅ Palm Beach រដ្ឋ Florida ថា “លោកចង់ជួប ហើយយើងកំពុងរៀបចំជំនួបនេះ” , នេះបើយោងតាមសារព័ត៌មាន Reuters ។ លោកមិនបានបញ្ជាក់ថា ជំនួបនេះនឹងប្រព្រឹត្តទៅនៅពេលណានោះទេ។
លោក Trump ដែលនឹងត្រូវចូលកាន់ តំណែងនៅថ្ងៃទី ២០ ខែមករា បានរិះគន់ជំនួយឥតលក្ខខណ្ឌរបស់ប្រធានាធិបតី Joe Biden ដែលកំពុងផ្តល់ទៅទីក្រុងគៀវ ហើយក្នុងអំឡុងពេលបោះឆ្នោត របស់លោកបានប្តេជ្ញាថា នឹងបង្ខំរុស្ស៊ីនិងអ៊ុយក្រែន ឱ្យចាប់ផ្តើមការចរចាឡើងវិញ យ៉ាងឆាប់រហ័ស។
លោក Donald Trump ក៏បានពិពណ៌នាអំពីមេដឹកនាំអ៊ុយក្រែនលោក Vladimir Zelensky ថាជា “អ្នកលក់ដ៏អស្ចារ្យបំផុតនៅលើផែនដី” ដោយសំដៅទៅលើលោក Vladimir Zelensky ជានិច្ចកាលដែលសុំ ឱ្យបណ្តាប្រទេសលោកខាងលិចផ្តល់ជំនួយផ្នែកយោធា និងហិរញ្ញវត្ថុបន្ថែម៕
ប្រែសម្រួលៈ ណៃ តុលា
