សេអ៊ូល ៖ រដ្ឋាភិបាលទីក្រុងសេអ៊ូល បានឲយដឹងថា អគ្គលេខាធិការ អង្គការសហប្រជាជាតិ លោក Antonio Guterres បានឲ្យដឹងថា លោកមានទំនុក ចិត្តទាំងស្រុង លើភាពធន់ នឹងលទ្ធិប្រជាធិបតេយ្យ របស់ប្រទេសកូរ៉េខាងត្បូង នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានយុនហាប់ ។
ក្រសួងហិរញ្ញវត្ថុបានឲ្យដឹងថា លោក Guterres បានធ្វើការកត់សម្គាល់ក្នុងអំឡុងពេលសន្ទនា តាមទូរស័ព្ទជាមួយប្រធានាធិបតីស្តីទីលោក Choi Sang-mok ខណៈដែលប្រទេសនេះប្រឈមមុខនឹងភាពមិនប្រាកដប្រជា ផ្នែកនយោបាយ ដែលបណ្តាលមកពីការប៉ុនប៉ង របស់លោកប្រធានាធិបតីលោក Yoon Suk Yeol ក្នុងការដាក់ច្បាប់អាជ្ញាសឹក និងការចោទប្រកាន់ជាបន្ត បន្ទាប់ទៅលើរូបលោកកាលពីខែមុន ។
ក្រសួងបានដកស្រង់សម្តី លោក Guterres ថាលោកជឿជាក់ទាំងស្រុង លើប្រព័ន្ធប្រជាធិបតេយ្យដ៏រឹងមាំរបស់កូរ៉េខាងត្បូង និងសមត្ថភាពរបស់ខ្លួនក្នុង ការងើបឡើងវិញពីវិបត្តិ។ ប្រមុខអង្គការសហប្រជាជាតិរូបនេះ ក៏បាន សម្តែងការរំពឹងទុក សម្រាប់ការបន្តតួនាទី របស់កូរ៉េខាងត្បូងក្នុងការធ្វើឱ្យរស់ឡើងវិញ នូវលទ្ធិពហុភាគីនិយម របស់អង្គការសហប្រជាជាតិ។
ជាការឆ្លើយតប លោក Choi បានសង្កត់ធ្ងន់ថា កូរ៉េខាងត្បូង នឹងបន្តរួមចំណែកដល់សន្តិភាព និងវិបុលភាពពិភពលោក តាមរយៈការចូលរួម យ៉ាងសកម្មក្នុង នាមជាសមាជិក នៃអង្គការសហប្រជាជាតិ និងជាសមាជិកប្តូរវេន នៃក្រុមប្រឹក្សាសន្តិសុខរបស់ខ្លួន។ លោក Choi បានចូលកាន់តំណែង ជាអ្នកដឹកនាំបណ្តោះអាសន្ន បន្ទាប់ពីរដ្ឋសភា បានបោះឆ្នោតចោទប្រកាន់លោក Yoon នៅថ្ងៃទី១៤ ខែធ្នូ និងក្រោយមកលើស្តីទី និងជានាយករដ្ឋមន្ត្រី លោក Han Duck-soo ពីរសប្តាហ៍ក្រោយមក ៕
ប្រែសម្រួល ឈូក បូរ៉ា