Covid-19

ក្រសួងសុខាភិបាល បន្តអំពាវនាវ ដល់ពលរដ្ឋត្រូវរក្សាទំលាប់ធ្វើអនាម័យជាចាំបាច់ ក្នុងដំណាក់កាល រីករាលដាលកូវីដ១៩

ភ្នំពេញ៖ ក្រសួងសុខាភិបាល បន្តអំពាវនាវក៏ដូចជាក្រើនរំលឹក ដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ត្រូវរក្សាទំលាប់ជាចាំបាច់ ក្នុងការធ្វើអនាម័យជាប្រចាំ ឲ្យបានស្អាតល្អ ក្នុងដំណាក់កាលនៃការរីករាលដាលពីវីរុសកូវីដ១៩ និងអនុវត្តការដាក់នៅដោយឡែកក្នុងរយៈពេល១៤ថ្ងៃ (បុគ្គលចំណាក់ស្រុក) និងអនុវត្តន៍តាមការណែនាំរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញនូវវិធានការអប់រំនានា កាលពីពេលថ្មីៗ ដើម្បីសុខភាពល្អទាំងអស់គ្នា ចៀសផុតពីកូវីដ១៩នេះ។

យោងតាមសេចក្ដីជូនព័ត៌មាន របស់ក្រសួងសុខាភិបាល នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០ បានឲ្យដឹងថា “ក្រសួងសុខាភិបាល សូមធ្វើការអំពាវនាវ និងក្រើនរំលឹកដល់បងប្អូន ប្រជាពលរដ្ឋទាំងអស់ សូមប្រកាន់ផ្លាស់ប្ដូរឥយាបថ ឬទំលាប់របស់ខ្លួនជាចាំបាច់ នៅក្នុងដំណាក់កាលដែលវីរុសកូវីដ១៩ ត្រូវបានរកឃើញក្នុងចំណោម ជនបរទេសជាបន្តបន្ទាប់នេះ និងអនុវត្តការដាក់ឲ្យនៅដាច់ដោយឡែកចំនួន ១៤ថ្ងៃ សម្រាប់បុគ្គលចំណាក់ស្រុក ដែលបានវិលត្រឡប់មកផ្ទះសម្បែង ហើយសំខាន់ទាំងអស់នោះគឺសុខភាពយើងទាំងអស់គ្នា ចៀសផុតពីការចម្លងវីរុសកូវីដ១៩ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវតែខិតខំអនុវត្ត តាមការណែនាំ និងបទបញ្ជា ប្រកដដោយគតិបណ្ឌិតនិងឈ្លៀសវៃ របស់សម្ដេចតេជោហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងការណែនាំផ្សេងៗទៀតរបស់ក្រសួងសុខាភិបាល ឲ្យបានខ្ជាប់ខ្ជួនជាទីបំផុត”។

សេចក្ដីជូនព័ត៌មានសង្កត់ធ្ងន់ថា ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិ ខាងមុខនេះ ប្រជាពលរដ្ឋកុំធ្វើដំណើរចល័ត ហើយត្រូវអនុវត្តនូវគម្លាតសុវត្ថិភាពនៅទីកន្លែង ដែលមានមនុស្សច្រើនឲ្យបានជាប្រចាំ ដើម្បីការពារទប់ស្កាត់នូវ ការរីករាលដាលកូវីដ១៩នេះ ឲ្យកាន់មានប្រសិទ្ធភាពខ្ពស់។

សេចក្ដីជូនព័ត៌មានបញ្ជាក់ថា គិតត្រឹមម៉ោង៧ព្រឹក ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០នេះ ស្ថានភាពជំងឺកូវីដ១៩ នៅកម្ពុជាមានអ្នកជាសះស្បើយសរុបកើនដល់៧៧នាក់ (ស្មើនឹង៦៣.១១% ធៀបនឹងចំនួនអ្នកមានវីរុសកូវីដ១៩ទាំងអស់) ដែលមានបុរសជនជាតិចិន១នាក់ ស្រ្តីជនជាតិអង់គ្លេង៣នាក់ បុរសជនជាតិអង់គ្លេស១នាក់ បុរសជនជាតិប៊ែលហ្សិក១នាក់ បុរសជនជាតិបារាំង១២នាក់ (ក្នុងនេះមានទារកអាយុ៤ខែ) ស្រ្តីជនជាតិបារាំង ១៣នាក់ បុរសជនជាត់ម៉ាឡេស៊ី១០នាក់ បុរសជនជាតិខ្មែរ៣២នាក់ និងស្រ្តីជនជាតិខ្មែរ៤នាក់ (គិតចាប់ពីខែមករាដល់បច្ចុប្បន្ននេះ)។ សម្រាប់អ្នកដែលកំពុង សម្រាកព្យាបាលនៅតាមមន្ទីរពេទ្យរដ្ឋទាំងថ្នាក់ជាតិ និងថ្នាក់ខេត្ត សរុបមានចំនួន៣៤នាក់ (ស្រ្តី១៨នាក់និងបុរស២៧នាក់)។ រីឯអ្នកដែលបានថាមានផ្ទុកកូវីដ១៩ទាំងអស់ (រាប់ទាំងអ្នកដែលបាន ព្យាបាលជាសះស្បើយ និងអ្នកដែលកំពុងព្យាបាល) នៅទូទាំងប្រទេសសរុបចំនួន ១២២នាក់ (ស្រ្តី៣៤នាក់ និងបុរស៨៨នាក់)។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០នេះ កម្ពុជាបានព្យាបាលជាសះស្បើយ អ្នកផ្ទុកកូវីដ១៩ចំនួន ២នាក់បន្ថែមទៀត លើបុរសជនជាតិម៉ាឡេស៊ី មានអាយុ៣៤ឆ្នាំ និងអាយុ៥៨ឆ្នាំ មកពីប្រទេសម៉ាឡេស៊ី ធ្វើការនៅស្រុកកងមាស ខេត្តកំពង់ចាម បានជាសះស្បើយ ដោយទទួលលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ១៩ចំនួន២លើក និងបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យខេត្តកំពង់ចាមផងដែ និងបានរកឃើញអ្នកផ្ទុកកូវីដ១៩ ថ្មីចំនួន២នាក់បន្ថែមទៀត លើស្រ្តីជនជាតិ វៀតណាម អាយុ២៤ឆ្នាំ ជាអ្នកទេសចរ ស្នាក់នៅបន្ទប់មួយ Apartment) នៅផ្លូវលេខ ៣០២ សង្កាត់បឹងកេងកង១ រាជធានីភ្នំពេញ មានលទ្ធផលតេស្តវិជ្ជមានកូវីដ១៩ និងកំពុងសម្រាកព្យាបាល នៅមណ្ឌលសុខភាព ចាក់អង្រែក្រោម៕

ដោយ៖ ធី លីថូ

To Top