ថ្ងៃទី១០ ខែមករា កម្មវិធី«រាត្រីសមោសរអបអរសាទរ បុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ឆ្នាំ២០២៥» ដែលរៀបចំនិងផលិត ដោយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានបញ្ចប់ការហាត់សមលើកទីពីរ ដោយរលូននិងគាប់ប្រសើរ។ គុណភាពសម្តែង នៃកម្មវិធីប្រភេទខុសៗគ្នា ទាំងរបាំ ចម្រៀង និងល្ខោនចិន ត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់ ការតភ្ជាប់គ្នារវាង កម្មវិធីនីមួយៗ ក៏កាន់តែរលូនល្អ។ មិនថារបៀបសម្តែងសិល្បៈ ការរៀបចំតុបតែងឆាក ឬ ការងារផ្សាយបន្តផ្ទាល់ សម្រាប់ជនពិការ សុទ្ធតែពោរពេញ ដោយលក្ខណៈច្នៃប្រឌិតថ្មី ។
ឆាកសម្តែងមានរូបរាងដូចជា “如意” (សិប្បកម្មប្រពៃណីចិនដែលបង្កប់ន័យសិរិមង្គលនិងជោគជ័យគ្រប់ភារកិច្ច) ពោលគឺ ឆាកសម្តែងនិងកន្លែង ដែលទស្សនិកជន អង្គុយតភ្ជាប់គ្នា ដែលនឹងធ្វើឱ្យទស្សនិកជនទទួល បានអារម្មណ៍ចូលរួមផ្ទាល់ កាន់តែខ្លាំងជាមួយរាត្រីសមោសរ ។
សូមជម្រាបថា កម្មវិធីរាត្រីសមោសរអបអរសាទរ បុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំនេះ បានបង្កើតគម្រោងឈ្មោះ “ អ្នកដកពិសោធ ជាមួយ រាត្រីសមោសរអបអរសាទរ បុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន” ជាលើកដំបូង ដោយអញ្ជើញ មនុស្សសាមញ្ញ ដ៏គួរឱ្យគោរពនិងស្រឡាញ់ ហើយធ្វើការយ៉ាងឧស្សាហ៍ព្យាយាម ប្រាថ្នាចង់បានជីវភាពរស់នៅដ៏ល្អបវរ ឱ្យមកដល់ក្រុងប៉េកាំងចូលរួមទស្សនានៅនឹងកន្លែង។
លើសពីនេះទៅទៀត កម្មវិធីរាត្រីសមោសរអបអរសាទរ បុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំនេះ ជាលើកទីមួយនឹងផ្តល់ សេវាផ្សាយបន្តផ្ទាល់ សម្រាប់ជនពិការភ្នែក និងថ្លង់ ដើម្បីផ្តល់សេវាណែនាំពន្យល់ខ្លឹមសារកម្មវិធី និងចំណេះដឹងទូទៅ របស់កម្មវិធីខណៈពេលផ្សាយផ្ទាល់ជូន ចំពោះជនពិការភ្នែកនិងថ្លង់៕