ព័ត៌មានជាតិ

អភិបាលខេត្តពោធិ៍សាត់ ដឹកនាំចលនាសំអាតបរិស្ថាន អនាម័យនៅភូមិប៊ុនរ៉ានីសែនជ័យ ដំណាក់ទ្រយឹង ដើម្បីត្រៀមទទួលបដិសណ្ឋារកិច្ច សម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា

ពោធិ៍សាត់÷អភិបាលខេត្តពោធិ៍សាត់ លោក ខូយ រីដា និង ប្រធានក្រុមប្រឹក្សាខេត្ត លោក ម៉ក់ រ៉ា នៅថ្ងៃទី ១២ ខែ មករា ឆ្នាំ ២០២៥ បានដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង យុវជនចូលរួមចលនាសំអាតបរិស្ថាន អនាម័យនៅតាមដងផ្លូវ តាមទីសាធារណះ និង តាមខ្នង ផ្ទះគ្រួសារអតីតយុទ្ធជន ដើម្បីត្រៀម ទទួលបដិសណ្ឋារកិច្ច វត្តមានដ៍ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីដ៍ខ្ពង់ខ្ពស់ ក្នុងពិធីជួបសំណេះសំណាល សួរសុខទុក្ខជាមួយបងប្អូន គ្រួសារអតីតយុទ្ធជនទាំង ៦២៨ គ្រួសារ និង សម្ភោធសមិទ្ធផល នានាក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី ២០ ខែ មករា ឆ្នាំ ២០២៥ខាងមុខនេះ ។

សូមបញ្ជាក់ថា ភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង គឺជាភូមិដែលទើបតែបង្កើតថ្មី ដោយកាត់ចេញពីភូមិសាយនៃឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ដែលមានចំងាយប្រមាណ ៨០ គីឡូម៉ែត្រពីទីរួមក្រុងពោធិ៍សាត់និងមានចំងាយប្រមាណ ៥០ គីឡូម៉ែត្រពីទីរួមស្រុកក្រគរ។ហើយប្រជាពលរដ្ឋ ដែលកំពុងរស់នៅក្នុងភូមិដែល ទើបបង្កើតថ្មីនេះមានចំនួន ៦២៨ គ្រួសារហើយសុទ្ធសឹង ជាគ្រួសារអតីត យុទ្ធជនក្រីក្រ ដែលត្រូវជ្រើសរើសអោយទទួលបានផ្ទះ និង ដីសម្បទានសង្គមកិច្ច ពីរាជរដ្ឋាភិបាលកម្ពុជាដែលពួកគាត់ទាំងអស់នោះបានលះបង់កម្លាំងកាយ កម្លាំងចិត្ត ការពារបូរណភាពទឹកដី និង ពលីជីវិតដើម្បីបុព្វហេតុជាតិ មាតុភូមិ ជាពិសេសធ្វើអោយប្រទេសជាតិ ទទួលបាននូវសុខសន្តិភាព ស្ថិរភាព និង ការអភិវឌ្ឍន៍ រីកចម្រើនមកទល់នឹងសព្វថ្ងៃនេះ ។

ក្រោមការយកចិត្តទុកដាក់ និង គិតគូរខ្ពស់ពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃកម្ពុជា និង ជាប្រធានព្រឹទ្ធសភា,សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និង បន្តដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា គឺសម្តេច តែងតែចងចាំជានិច្ច ទៅដល់គ្រួសារ អតីតយុទ្ធជន ដែលជាអ្នកធ្លាប់បានចូលរួមតស៊ូរំដោះជាតិ មាតុភូមិ ដោយបានសង់ផ្ទះ ផ្តល់ដីសម្បទានសង្គមកិច្ច សាងសង់ហេដ្ឋារចនាសម្ព័ន្ធនានាដែលជាតម្រូវការចាំបាច់ ដូចជាសាលារៀន មន្ទីរពេទ្យ វត្តអារ៉ាម អណ្តូងទឹក តបណ្តាញអគ្គិសនី ដាក់អំពូលភ្លើងសូឡា សាងសង់ ទំនប់ស្ទាក់ទឹក ទំនប់បង្ហៀរ ផ្លូវខ្វាត់ខ្វែង បណ្តុះបណ្តាលបច្ចេកទេស កសិកម្មទំនើប និង ផ្តល់អំណោយជាស្បៀង សម្ភារះទៅតាមលទ្ធភាពជាក់ស្តែង ដែលក្នុងនោះមាន រដ្ឋបាលខេត្ត និង មន្ទីរអង្គភាពនានាជុំវិញខេត្ត ដែលជាសម្ព័ន្ធមេត្រីភាព ជាមួយភូមិដែលទើប តែបង្កើតថ្មីនេះផងដែរ ។

សមិទ្ធផលទាំងអស់នេះ នឹង ត្រូវសម្ភោធដាក់អោយប្រើប្រាស់ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី ២០ ខែ មករា ឆ្នាំ ២០២៥ នាពេលខាងមុខនេះ៕

To Top