បរទេស ៖ ទាហានស្ម័គ្រចិត្ត១០នាក់បានរងរបួសពេលគ្រាប់បែកមួយបានផ្ទុះនៅក្បែរប៉ុស្តិ៍ប៉ូលិស Muang Pattani ក្នុងស្រុក Muang នៅព្រឹកថ្ងៃចន្ទ។ គ្រាប់បែកនេះត្រូវបានបំផ្ទុះ នៅផ្លូវលំមួយនៅខាងក្រោយមជ្ឈមណ្ឌលសិក្សា TK Park Pattani នៅវេលាម៉ោង៨ និង០៧នាទីព្រឹក។
យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា ទាហានស្ម័គ្រចិត្តចំនួន ១០ នាក់បានរងរបួស។ អ្នកខ្លះរងរបួសដោយអំបែងគ្រាប់បែក ហើយខ្លះទៀតឈឺដើមទ្រូងដោយសារការប៉ះទង្គិច។ ក្រុមអ្នកជួយសង្គ្រោះបានយកពួកគេទៅមន្ទីរពេទ្យប៉ាតានី។
ក្រុមមន្ត្រីបាននិយាយថា គ្រាប់បែកនេះត្រូវបានភ្ជាប់ទៅនឹងម៉ូតូមួយគ្រឿង។
តាមកាមេរ៉ាសុវត្ថិភាពបានបង្ហាញពីបុរសម្នាក់ពាក់មួកសុវត្ថិភាពពណ៌ខៀវ ពាក់អាវពណ៌បៃតងដៃវែង និងខោពណ៌ក្រែម ជិះម៉ូតូម៉ាកហុងដាវ៉េវ ពណ៌ខៀវមកដល់កន្លែងកើតហេតុ ដោយធ្វើដំណើរបញ្ច្រាស់។ គាត់បានចតម៉ូតូនៅទីនោះនៅម៉ោង ៧ និង១២នាទីព្រឹក ហើយដើរចេញ។ មួយសន្ទុះក្រោយមក ប៉ូលីស និងមន្ត្រីយោធាស្ម័គ្រចិត្តបានប្រមូលផ្តុំគ្នានៅផ្លូវលំសម្រាប់ការជួបប្រជុំគ្នានៅពេលព្រឹក មុនពេលចាប់ផ្តើមការល្បាតជាប្រចាំ ស្រាប់តែគ្រាប់បែកនៅលើម៉ូតូត្រូវបានបំផ្ទុះតែម្តង៕
ប្រែសម្រួលៈ ណៃ តុលា