ហូឡង់ ៖ កាលពីថ្ងៃសៅរ៍ ប៉ូលិសហូឡង់បានរាយការណ៍ឲ្យដឹងថា សកម្មជនអាកាសធាតុ ជាង៧០០នាក់ត្រូវបានចាប់ខ្លួន ក្នុងអំឡុងពេលបាតុកម្ម នៅលើផ្លូវហាយវេមួយ នៅជិតទីក្រុងឡាអេ ខណៈពួកគេបានបិទផ្លូវហើយមិនព្រមចាកចេញ ។
នៅក្នុងចំណោមអ្នក ដែលត្រូវបានឃុំខ្លួនទាំងនោះ មានមនុស្សចំនួន១២នាក់ ប្រឈមមុខនឹងការចោទប្រកាន់ពីបទឧក្រិដ្ឋ ដូចជាការបះបោរ និងការវាយដំ ហើយត្រូវបាននាំខ្លួនទៅកាន់ប៉ុស្តិ៍ប៉ូលិស ។ អ្នកតវ៉ាដែលនៅសេសសល់ត្រូវបានដឹកចេញពីទីក្រុង តាមឡានក្រុង ហើយត្រូវដោះលែងវិញនៅពេលក្រោយ ។
យោងតាមរបាយការណ៍ របស់ប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសហូឡង់ បានផ្សាយថា ក្រុមបាតុករកំពុងធ្វើយុទ្ធនាការ សម្រាប់ការបញ្ចប់ការឧបត្ថម្ភធន ឥន្ធនៈហ្វូស៊ីលសម្រាប់ក្រុមហ៊ុនប្រេង ឧស្ម័នធម្មជាតិ និងធ្យូងថ្ម ។
ទោះបីជាមានការហាមប្រាម របស់សាលាក្រុងលើការបិទផ្លូវ និងវិធានការដូចជា ប្រើឧបករណ៍រារាំង និងរបងក៏ដោយ ក៏សកម្មជនរាប់រយនាក់ បានគ្រប់គ្រងបានដើម្បីចូលទៅកាន់ផ្លូវហាយវេ ។ អ្នកខ្លះបានដាក់ច្រវាក់ជាប់នឹងផ្លូវ បណ្ដាលឲ្យស្ទះចរាចរណ៍រាប់ម៉ោង ។ នៅទីបំផុតប៉ូលិស បានប្រើកាណុងបាញ់ទឹក ដើម្បីបំបែកក្រុមមនុស្ស និងបោសសម្អាតផ្លូវនោះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា