ភ្នំពេញ៖ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី១២ ដើមខែមករា ឆ្នាំ២០២៥ សមត្ថកិច្ចនគរបាលជាតិ បានបន្តបង្ក្រាបក្រុមក្មេងទំនើងទូទាំងប្រទេស បានជាង១០ករណី។ នេះបើតាមលោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។
បើតាមលោកបណ្ឌិត ទូច សុឃៈ ក្នុងប្រតិបត្តិការបង្ក្រាបក្មេងទំនើងទាំង១០ករណីនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជិត១០០នាក់ ដោយភាគច្រើនបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ និងកំពុងជាប់ឃុំក្នុងពន្ធនាគារ។
អ្នកនាំពាក្យរងក្រសងមហាផ្ទៃ បានឱ្យដឹងទៀតថាមូលដ្ឋានមាន ករណីក្មេងទំនើងនៅដើមឆ្នាំ២០២៥ មានដូចជា រាជធានីភ្នំពេញ ខេត្តកណ្តាល ព្រៃវែង ស្វាយរៀង ត្បូងឃ្មុំ កំពង់ធំ បាត់ដំបង និងពោធិ៍សាត់ជាដើម។
សូមបញ្ជាក់ថា សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាល បានដាក់បទបញ្ជាឱ្យសមត្ថកិច្ចបង្ក្រាប ក្មេងទំនើងដោយបញ្ជូនទៅកាត់ទោស និងឃុំខ្លួនក្នុងពន្ធនាគារ ពោលគឺគ្មានការអប់រំអ្វីទៀតនោះឡើយ៕