ភ្នំពេញ ៖ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញពីគំនូសទ្រូងផ្លូវសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ឱ្យបានត្រឹមត្រូវ ដើម្បីជាការចូលរួមលើកកម្ពស់សុវត្ថិភាព និងសណ្តាប់ធ្នាប់ក្នុងការធ្វើដំណើរ។
ជាបន្តសូមឈ្វេងយល់ ពីការប្រើប្រាស់ទ្រូងផ្លូវ ៖
-នៅលើទ្រូងផ្លូវ ដែលមានគំនូសសញ្ញាពណ៌លឿង ខឿន ឬសួនបែងចែកទិសចរាចរណ៍មាន ៤គន្លង អ្នកបើកបររថយន្ត ត្រូវបើកបរតាមគន្លងផ្លូវខាងឆ្វេង ជាប់នឹងខឿនបែងចែកទិសចរាចណ៍ ចំពោះអ្នកបើកបរយានសាមញ្ញ ត្រូវបើកបរតាមគន្លងផ្លូវខាងស្តាំ ជាប់នឹងចិញ្ចើមផ្លូវ ។ អ្នកបើកបររថយន្ត អាចបើកបរតាមគន្លងផ្លូវខាងស្តាំ ជាប់នឹងចិញ្ចើមផ្លូវបាន ក្នុងករណីចរាចរណ៍មមាញឹក និងបើកបរក្នុងល្បឿនយឺត ។
-នៅលើទ្រូងផ្លូវ ដែលមានគំនូសសញ្ញាពណ៌លឿង ខឿន ឬសួនបែងចែកទិសចរាចរណ៍មាន ៦គន្លង អ្នកបើកបររថយន្ត ត្រូវបើកបរតាមគន្លងផ្លូវកណ្ដាល លើកលែងតែការជែង អាចបើកបរតាម គន្លងផ្លូវខាងឆ្វេង ជាប់នឹងខឿនបែងចែកទិសចរាចរណ៍ ។ ក្នុងករណីចរាចរណ៍មមាញឹក អ្នកបើកបររថយន្ត អាចបើកបរបានតាមគន្លងផ្លូវទាំង២ រាប់ពីខឿនបែងចែកទិសចរាចរណ៍ ដោយឡែករថយន្តធុនធ្ងន់ ត្រូវប្រកាន់យកគន្លងផ្លូវកណ្តាល។ ក្នុងករណីនេះ រថយន្តនៅតាមគន្លងផ្លូវណាមួយបើកបរ លឿនជាង មិនចាត់ទុកជាការជែងឡើយ ចំពោះអ្នកបើកបរយានសាមញ្ញ ត្រូវបើកបរតាមគន្លងផ្លូវខាងស្តាំ ជាប់នឹងចិញ្ចើមផ្លូវ ៕