ព័ត៌មានអន្តរជាតិ

ហ្វីលីពីន ដាក់ពង្រាយនាវាឆ្មាំដើម្បីប្រជែង ជាមួយនឹងនាវាល្បាតរបស់ចិន នៅដែនទឹកជម្លោះសមុទ្រចិនខាងត្បូង

AFP

ម៉ានីល៖ នៅថ្ងៃអាទិត្យនេះ ប្រទេសហ្វីលីពីនបានបញ្ជាក់ថា ខ្លួនបានដាក់ពង្រាយនាវាឆ្មាំឆ្នេរសមុទ្រ ដើម្បីប្រជែងនឹងនាវាល្បាតរបស់ប្រទេសចិន ដែលប៉ុនប៉ង “ផ្លាស់ប្តូរស្ថានភាពដែលមានស្រាប់” នៃតំបន់ជម្លោះនៅដែនសមុទ្រចិនខាងត្បូង ។

ក្រុងប៉េកាំងបានទាមទារភាគច្រើននៃផ្លូវទឹកជាយុទ្ធសាស្ត្រ បើទោះបីជាមានសេចក្តីសម្រេច របស់តុលាការអន្តរជាតិឆ្នាំ២០១៦ក្តី ដែលបានប្រឆាំងនឹងករណីនេះក៏ដោយ ហើយមានការប៉ះទង្គិចគ្នាជាញឹកញាប់ ឬការប្រឈមមុខដាក់គ្នារវាងនាវាហ្វីលីពីន និងនាវារបស់ប្រទេសចិន ។

ប្រទេសប្រ៊ុយណេ ម៉ាឡេស៊ី កោះតៃវ៉ាន់ និងវៀតណាម ក៏មានការទាមទារលើដែនទឹកនេះផងដែរ ។

លោក Jay Tarriela អ្នកនាំពាក្យឆ្មាំឆ្នេរសមុទ្រហ្វីលីពីន បានឲ្យដឹងថា នាវាល្បាតរបស់ប្រទេសចិន នៅក្នុងឆ្នាំនេះ បានចូលមកជិតចម្ងាយ ៦០ម៉ាយក្នុងដែនសមុទ្រស្មើនឹង ១១១គីឡូម៉ែត្រ ស្ថិតនៅភាគខាងលិចនៃកោះ Luzon ដែលជាដែនកោះដ៏សំខាន់របស់ប្រទេសហ្វីលីពីន ។

លោកបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “គោលដៅរបស់ពួកគេគឺធ្វើឱ្យមាន ការដាក់ពង្រាយបែបនេះមានលក្ខណៈធម្មតា ហើយប្រសិនបើសកម្មភាពទាំងនេះមិនមានការកត់សម្គាល់ និងមិនមានការពិបាក នោះវានឹងអាចឱ្យពួកគេផ្លាស់ប្តូរស្ថានភាពដែលមានស្រាប់” ។

ក្រោយមកលោកបានប្រាប់ដល់អ្នកយកព័ត៌មានថា ក្រុងម៉ានីល បានដាក់ពង្រាយកប៉ាល់ឆ្មាំឆ្នេរសមុទ្រទៅកាន់តំបន់នោះ ដើម្បីប្រឆាំងនឹងការល្បាតរបស់ប្រទេសចិន “ខុសច្បាប់” ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top