ភ្នំពេញ ៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក Derek Yip ឯកអគ្គរាជទូតអូស្ត្រាលី ប្រចាំកម្ពុជា បានឯកភាពបន្តកិច្ចប្រតិបត្តិការល្អ លើវិស័យកសិកម្ម នឹងបានត្រៀមខ្លួនរួចជាស្រេច ធ្វើការជាមួយគ្នា ដើម្បីផលប្រយោជន៍ទៅវិញទៅមក ក្នុងវិស័យកសិកម្ម។
ការលើកឡើងរបស់ភាគីទាំងពីរ ក្នុងជំនួបពិភាក្សាការងារ នាថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ នៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ក្នុងជំនួបនេះ លោករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ និងថ្លែងអំណរគុណ ចំពោះភាគីអូស្ត្រាលី ដែលបាននិងបន្តចូលរួមគាំទ្រ ក្នុងការអភិវឌ្ឍវិស័យ កសិកម្មនៅកម្ពុជា ជាពិសេសកិច្ចសហប្រតិបត្តិការល្អ លើវិស័យស្រូវអង្ករ ដោយបានបញ្ចេញពូជចំបុីស៧០កន្លងមក។ ជាមួយគ្នានេះ ជំនួបក៏បានលើកពីសារៈសំខាន់របស់កម្ពុជា សម្រាប់ទីផ្សារសាច់គោអូស្ត្រាលីផងដែរ។
នៅក្នុងជំនួបនេះ លោករដ្ឋមន្ដ្រី និងលោក Derek Yip ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា បានឯកភាពបន្តកិច្ចសហប្រតិបត្តិការល្អ លើវិស័យកសិកម្ម នឹងបានត្រៀមខ្លួនរួចជាស្រេចធ្វើការជាមួយគ្នា ដើម្បីផលប្រយោជន៍ ទៅវិញទៅមក ក្នុងវិស័យកសិកម្ម ៕