ព័ត៌មានអន្តរជាតិ

ឥណ្ឌា សម្រេចចិត្តបន្តរយៈពេល ដាក់បម្រាម ការធ្វើដំណើរទូទាំងប្រទេស លើបញ្ហាកូវីដ១៩

បរទេស៖ នាយករដ្ឋមន្ត្រី នៃប្រទេសឥណ្ឌា លោក ណារ៉េនដ្រា ម៉ូឌី នាពេលថ្មីៗនេះ បានសម្រេចចិត្ត បន្តរយៈពេលដាក់បម្រាមធ្វើដំណើរទូទាំងប្រទេស ដើម្បីដោះស្រាយ បញ្ហាឆ្លងរីករាលដាល នៃវីរុសកូរ៉ូណា នេះបើយោងតាម សម្តីរបស់រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការ គណៈរដ្ឋមន្ត្រីឥណ្ឌា និយាយនៅថ្ងៃសៅរ៍នេះ ប៉ុន្តែមិនបានបញ្ជាក់ថា នឹងបន្តយូរប៉ុណ្ណានោះទេ។

លោក ម៉ូឌី នៅថ្ងៃសៅរ៍នេះ បានប្រារព្ធធ្វើកិច្ចប្រជុំ តាមវីដេអូខលមួយ ជាមួយរដ្ឋមន្ត្រីជាច្រើនរូប ហើយរដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី នៅទីក្រុងញូដេលី លោក Arvind Kejriwal បានមានប្រសាសន៍ថា លោក ម៉ូឌី បានធ្វើការសម្រេចចិត្តយ៉ាងត្រឹមត្រូវ ក្នុងការឲ្យបន្តដាក់បម្រាម ធ្វើដំណើរ ប៉ុន្តែមិនបានផ្តល់សេចក្តីលម្អិត បន្ថែមនោះទេ។

គួរបញ្ជាក់ថា បម្រាមធ្វើដំណើររយៈពេល២១ថ្ងៃ របស់ប្រទេសឥណ្ឌា នឹងចប់នៅថ្ងៃអង្គារ សប្ដាហ៍ក្រោយ ប៉ុន្តែខេត្តជាច្រើនបានជំរុញលោក ម៉ូឌី ឲ្យបន្តដាក់បម្រាមនោះបន្ថែមទៀត បើទោះជាមានក្តីព្រួយបារម្ភ កើនឡើងថា ការដាក់បម្រាមបែបនេះ ធ្វើប្រជាជនក្រីក្រ រាប់លាននាក់ អត់ការងារធ្វើ និងបង្ខំកម្មករនៅទីក្រុងនានា វិលទៅភូមិស្រុកវិញ៕
ប្រែសម្រួល៖ប៉ាង កុង

To Top