ព័ត៌មានជាតិ

អ្នកជំនាញ វិទ្យាសាស្ត្រ នយោបាយ ៖ ការស្នើអាមេរិក បន្តប្រតិបត្តិការយោធាឡើងវិញ នឹងអាចហុចផលឱ្យកម្ពុជា

ភ្នំពេញ ៖ លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រ នយោបាយបានលើកឡើងថា ភាគីកម្ពុជាបានស្នើ ឱ្យសហរដ្ឋអាមេរិកបន្ត កិច្ចសហប្រតិបត្តិការ យោធា ជាមួយកម្ពុជាឡើងវិញ ក្រោយអាក់ខានអស់ មួយរយៈពេលកន្លង មកនោះ គឺជាសញ្ញាដ៏ល្អមួយ ក្នុងការហុចផលមកឲ្យកម្ពុជា ។
ការលើកឡើងរបស់លោកបណ្ឌិត យង់ ពៅនេះ បន្ទាប់ពីនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានស្នើ លោកវរសេនីយ៍ទោ ខាល សលមែន (Kyle Saltzman) ប្រធានការិយាល័យ អនុព័ន្ធយោធា អាមេរិកថ្មីប្រចាំកម្ពុជា ក្នុងជំនួបជាមួយគ្នាកាលពីថ្ងៃ១៣ មករា បន្តកិច្ចសហប្រតិបត្តិការ ឲ្យកាន់តែទូលំទូលាយ ដើម្បីជាប្រយោជន៍ កងទ័ពប្រទេសទាំងពីរ ។

ចំណុចនេះលោកបណ្ឌិត យង់ ពៅ គូសបញ្ជាក់ថា “គឺជាសញ្ញាណដ៏ល្អមួយនៅក្នុងទំនាក់ទំនងទ្វេភាគី និងអាចហុចផលឱ្យកម្ពុជាទាំងនៅក្នុងវិស័យយោធា នយោបាយ និងការទូត”

លោកបណ្ឌិតលើកឡើងថា ការស្នើពង្រឹងកិច្ចសហប្រតិបត្តិការ វិស័យយោធារវាងកម្ពុជា និងអាមេរិកឡើងវិញ ទៅលើការបណ្តុះបណ្តាលយោធា ផ្លាស់ប្តូរទស្សនកិច្ចគ្រប់កម្រិត ការផ្លាស់ប្តូរព័ត៌មាន ការទប់ស្កាត់អំពើភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន ព្រមទាំងលទ្ធភាព នៃការធ្វើលំហាត់ហ្វឹកហ្វឺន ឆ្មាំអង្គររួមគ្នាឡើងវិញនេះ គឺជាការប្រសើរមួយនៅ ក្នុងការជំរុញទំនាក់ទំនង នៃប្រទេសទាំងពីរ។

លោកបណ្ឌិតបានមានប្រសាសន៍ថា ការស្នើឡើងរបស់កម្ពុជានេះ ស្របតាមកាលៈទេសៈតម្រូវរបស់ប្រទេសទាំងពីរ ក៏ដូចជាស្ថានភាពថ្មី នៃពិភពលោកផងដែរ ព្រោះការអាក់ខានកិច្ចសហប្រតិបត្តិការកន្លងទៅនេះ កើតឡើងដោយសារ តែវិបត្តិរីករាលដាលធ្ងន់ធ្ងរ នៃជំងឺកូវីដ-១៩ ដែលតម្រូវឱ្យមានការប្រុងប្រយ័ត្ន និងបញ្ហាផ្សេងៗទៀតជាច្រើន ដូចចូលមកឡូកឡំនៅក្នុងកិច្ចសហប្រតិបត្តិការ ទ្វេភាគីនេះ ដែលនាំឱ្យមានការខកខាន។

លោកបណ្ឌិត យង់ ពៅ បានគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការនេះ ពិតជាផ្ដល់សារៈប្រយោជន៍ សម្រាប់ប្រទេសកម្ពុជា នៅក្នុងទិដ្ឋភាពនយោបាយ ព្រោះកន្លងមក កម្ពុជាតែងតែបាន រងការចោទប្រកាន់ថា កម្ពុជាធ្វើកិច្ចសហប្រតិបត្តិការ ជាមួយមហាអំណាចមួយ តែមិនពិនិត្យមើលលទ្ធភាព ធ្វើកិច្ចសហប្រតិបត្តិការ ជាមួយមហាអំណាចមួយទៀត ដូចជាអាមេរិកជាដើម ។ ហេតុនេះ គំនិតដែលបានស្នើឡើងនេះ ពិតជាការបង្ហាញ ចេតនា ជាវិជ្ជមាននៅក្នុងការបន្តពង្រឹង កិច្ចសហប្រតិបត្តិការ ជាមួយនឹងមហាអំណាចពិភពលោកមួយនេះ ហើយការពង្រឹងកិច្ចសហប្រតិបត្តិការ យោធាឡើងវិញ រវាងប្រទេសទាំងពីរ នឹង បង្ហាញ យ៉ាងច្បាស់បន្ថែមថា កម្ពុជាមានបំណងធ្វើកិច្ចសហប្រតិបត្តិល្អ ជាមួយគ្រប់មហាអំណាច ទាំងអស់ ដើម្បីបម្រើដល់ប្រយោជន៍ជាតិ និងស្របតាមច្បាប់ជាធរមាន។

លើសពីនេះទៅទៀត ផលប្រយោជន៍ ដែលទទួលបាន ពីកិច្ចសហប្រតិបត្តិការ យោធា កម្ពុជា-អាមមេរិក ក៏នឹងចូលរួម ចំណែកជំរុញបន្ថែមទៀត នូវទំនាក់ទំនងការទូត រវាងប្រទេសទាំងពីរ ដែលកន្លងទៅ ទំនាក់ទំនងទ្វេភាគីនេះ ឃើញថា មានការវាយតម្លៃផ្សេងៗគ្នាថា កិច្ចសហប្រតិបត្តិការផ្សេងៗ រវាងប្រទេសទាំងពីរ នៅមានកម្រិតនៅឡើយ ខណៈជញ្ជីង ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ហាក់មិនមានការថមថយនោះឡើយ ប៉ុន្តែទំនាក់ទំនងខាងយោធា និងនយោបាយ មានការវាយតម្លៃ ក្នុងកម្រិតផ្សេងពីគ្នា ។ ត្រង់ចំណុចនេះ ត្រូវបានលោកបណ្ឌិត យង់ ពៅ អះអាងថា ការពង្រឹងកិច្ច សហប្រតិបត្តិការយោធា រវាងកម្ពុជានិងអាមេរិក នឹងអាចក្លាយ ជាចលករចម្បង នៅក្នុងការវាយតម្លៃឡើងវិញ នូវទស្សនៈនយោបាយ ចំពោះទំនាក់ទំនង រវាងប្រទេសជាមិត្តទាំងពីរ ៕

To Top