ភ្នំពេញ ៖ លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងថា ក្រុមប្រឹក្សាមានសិទ្ធិ អំណាចធំៗ ចំនួន២ ក្នុងការធ្វើសេចក្ដីសម្រេច ទី១.សេចក្ដីសម្រេចខាងបញ្ញត្តិ និងទី២.សេចក្ដីសម្រេចខាងប្រតិបត្តិ ។
ក្រុមប្រឹក្សា ក៏មានតួនាទីចាត់ចែង កិច្ចការចាំបាច់នានា ដើម្បីសម្រួលគោល បំណងក្នុងការបង្កើត ការជំរុញ និងការធ្វើឱ្យ មានចីរភាព ដល់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ ព្រមទាំងដើម្បីបំពេញ ភារកិច្ចដែលបានប្រគល់ និងដែលបានធ្វើប្រតិភូកម្ម តាមច្បាប់នេះ ឬដែលស្របតាមច្បាប់ ។ នេះបើយោងតាមច្បាប់ស្ដីពី ការគ្រប់គ្រងរដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ។
លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ក្រុមប្រឹក្សាមានសិទ្ធិអំណាចធំៗចំនួន២ ក្នុងការធ្វើសេចក្ដីសម្រេច គឺ១.សេចក្ដីសម្រេចខាងបញ្ញត្តិ និង២.សេចក្ដីសម្រេចខាងប្រតិបត្តិ ។ ចំពោះសម្រេចសេចក្ដី ខាងបញ្ញត្តិ ក្រុមប្រឹក្សាមានសិទ្ធិអំណាច ធ្វើដីកាដែលស្របទៅ តាមបទប្បញ្ញតិ ដូចដែលបាន ចែងក្នុងច្បាប់ ។ រីឯសេចក្ដីសម្រេចខាងប្រតិបត្តិវិញ ក្រុមប្រឹក្សាមានសិទ្ធិអំណាច ជាអ្នកធ្វើសេចក្ដីសម្រេច ក្នុងអង្គប្រជុំរបស់ក្រុមប្រឹក្សា ។
អ្នកនាំពាក្យបន្តថា ក្រុមប្រឹក្សាត្រូវមានគណនេយ្យភាពដោយផ្ទាល់ចំពោះប្រជាពលរដ្ឋទាំងអស់អំពីជម្រើសជាអាទិភាព ដើម្បីសម្រេចធានាបានការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ក្រុមប្រឹក្សាអាចធ្វើការអង្កេត លើករណីទាំងឡាយណា ដែលខ្លួនយល់ឃើញថា មានសារៈសំខាន់ដល់ប្រជាពលរដ្ឋ ព្រមទាំងអាចផ្សព្វផ្សាយលទ្ធផល នៃការធ្វើអង្កេតនោះ រួចហើយត្រូវធ្វើគោលការណ៍ ណែនាំអនុវត្តដល់គណៈអភិបាល និងអភិបាល ។
ជាងនេះទៅទៀត ក្រុមប្រឹក្សា មិនត្រឹមតែមានគណនេយ្យភាព ចំពោះប្រជាពលរដ្ឋនោះទេ គឺក្រុមប្រឹក្សាត្រូវមាន គណនេយ្យភាព ចំពោះរាជរដ្ឋាភិបាល អំពីការប្រតិបត្តិតាមរដ្ឋធម្មនុញ្ញ ច្បាប់ ព្រះរាជក្រឹត្យ អនុក្រឹត្យ និងលិខិតបទដ្ឋាន នានា ។ ក្រៅពីនេះ ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ក៏មានតួនាទី សម្របសម្រួល ដោះស្រាយបណ្ដឹង សំណើ និងសំណូមពរ របស់ប្រជាពលរដ្ឋ ក្នុងដែនសមត្ថកិច្ច របស់ខ្លួនដែរ លើកលែងតែករណី ដែលច្បាប់ហាម ។
គួរម្លឹកថា ផ្អែកតាម អនុក្រឹត្យលេខ ១០ អនក្រ.បក ស្តីពីការកំណត់ចំនួនសមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ សម្រាប់អាណត្តិទី៤ ចុះថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤កន្លងទៅនេះ ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌទូទាំងប្រទេសមានចំនួនសរុប ៣.៥៨១ រូប៕