ព័ត៌មានជាតិ

បេក្ខជនជាប់ក្របខ័ណ្ឌ នគរបាលប្រមាណ ៧០០នាក់ ឱ្យត្រៀមបំពេញការងារ ប៉ុស្តិ៍នគរបាល នៅស្រុកកំណើត

ភ្នំពេញ ៖ ដោយទទួលបានគោលការណ៍អនុញ្ញាតពី សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា, ក្រសួងមហាផ្ទៃ ក្រោមការដឹកនាំរបស់ លោកឧបនាយករដ្ឋមន្រ្តី ស សុខា បានរៀបចំការ ប្រឡងក្របខ័ណ្ឌ មន្រ្តីនគរបាលជាតិបំពេញជួសប្រចាំឆ្នាំ២០២៤ ដោយមានការចូលរួមពីបេក្ខជន មកពីគ្រប់រាជធានី ខេត្ត ជាច្រើនពាន់នាក់ ។

ឆ្លងកាត់ការប្រឡងប្រកបដោយសុក្រឹត្យភាព ទាំងសមត្ថភាព កម្ពស់ និងកាយសម្បទា លទ្ធផលប្រឡងជាប់ជាស្ថាពរ ត្រូវបាន លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ចុះហត្ថលេខា កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ ក្នុងនោះក៏មានបេក្ខជន ជាប់ក្របខ័ណ្ឌនគរបាល នៃប៉ុស្តិ៍នគរបាល រដ្ឋបាលក្រុង ស្រុក ខណ្ឌ ប្រមាណ ៧០០នាក់ផងដែរ។

សម្រាប់បេក្ខជនប្រមាណ៧០០នាក់នេះ លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ពួកគេសុទ្ធតែជាកូន ចៅប្រជាពលរដ្ឋ ដែលរស់នៅក្នុងមូលដ្ឋាន ក្រុង ស្រុក និងខណ្ឌនោះផ្ទាល់តែម្ដង ពោលគឺមិនមែនជាអ្នកមកពីស្រុក ឬខេត្តឆ្ងាយនោះឡើយ។ លោកបណ្ឌិតបន្ថែមថា ការប្រឡងជ្រើសរើសបានយ៉ាងដូច្នេះ គឺជាលទ្ធផលនៃកំណែទម្រង់នគរបាលជាតិ។

បើតាមលោកបណ្ឌិត ទូច សុឃៈ, លោកឧបនាយករដ្ឋមន្រ្តី បានដាក់គោលការណ៍ណែនាំឱ្យអនុវត្តការប្រឡង ជ្រើសរើសនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំ សង្កាត់ ដោយផ្ដល់អាទិភាពឱ្យបេក្ខជន ដែលមានមូលដ្ឋាន នៅទីនោះស្រាប់ ដ្បិតពួកគេជាអ្នកស្គាល់ច្បាស់ពីភូមិសាស្រ្ត និងចិត្តសាស្រ្តប្រជាជន ហើយក៏គ្មានហេតុផលអ្វី ត្រូវសុំផ្លាស់ចេញក្រោយការ តាំងស៊ុបនោះដែរ។

សូមបញ្ជាក់ថា បើយោងតាមលទ្ធផល ជាប់ស្ថាពរ ដែលត្រូវបានប្រកាសផ្សាយ កាលពីពេលថ្មីនេះ សម្រាប់ក្របខណ្ឌមន្រ្តីនគរបាលជាតិ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ទាំងប្រមាណ ៧០០នាក់នោះ ខេត្តកំពង់ឆ្នាំងមាន៥៩នាក់ កណ្ដាល៦៤នាក់ ក្រចេះ៣០នាក់ កំពង់ស្ពឺ៦២នាក់ កោះកុង៦នាក់ ប៉ៃលិន៥នាក់ តាកែវ៦០នាក់ បាត់ដំបង៦៨នាក់ ពោធិ៍សាត់៧៧នាក់ ព្រះសីហនុ១៥នាក់ មណ្ឌលគិរី២នាក់ រតនគិរី៦នាក់ រាជធានីភ្នំពេញ៩៤នាក់ សៀមរាប៨៣នាក់ ស្វាយរៀង៤៣នាក់ និងឧត្តរមានជ័យ៣៧នាក់ ។

បើតាមលោកបណ្ឌិត ទូច សុឃៈ មុនចេញទៅបំពេញការងារ នៅប៉ុស្តិ៍នគរបាលដែលខ្លួនប្រឡងជាប់ បេក្ខជនទាំងអស់ត្រូវឆ្លងកាត់ការបណ្ដុះបណ្ដាល និងជាប់កម្រិតបឋមវិជ្ជាជីវៈនគរបាល ដឹកនាំរៀបចំដោយបណ្ឌិត្យសភា នគរបាលជាតិ ដោយមានសាលានគរបាលជាតិ តាមបណ្ដាភូមិភាគជាសេនាធិការ៕

To Top