រីយ៉ូឌឺចាណេរ៉ូ ៖ ភ្លៀងបានធ្លាក់ចុះយ៉ាងខ្លាំង នៅភាគអាគ្នេយ៍នៃប្រទេសប្រេស៊ីល បានឆក់យកអាយុជីវិតមនុស្សយ៉ាងហោចណាស់ ចំនួន១១នាក់ កាលពីថ្ងៃអាទិត្យ បូករួមទាំង៩នាក់ ដែលត្រូវបានស្លាប់ នៅក្នុងពេលមានគ្រោះបាក់ដីកើតឡើង នៅតំបន់ជ្រលងភ្នំនៃរដ្ឋ Minas Gerais នៅក្នុងអំឡុងពេលព្រឹកព្រលឹម ។
នាយកដ្ឋានពន្លត់អគ្គីភ័យ របស់រដ្ឋបានឲ្យដឹង គ្រោះបាក់ដីបានបណ្តាលឲ្យស្លាប់មនុស្សចំនួន៩នាក់ និងបាត់ខ្លួនម្នាក់នៅក្នុងទីក្រុង Ipatinga ហើយទីក្រុងនេះបានរង ការវាយប្រហារ ទាំងគ្រោះបាក់ដី និងគ្រោះទឹកជំនន់ ក្រោយពីភ្លៀងធ្លាក់ចុះទំហំ៨០ មីលីម៉ែត្រក្នុង១ម៉ែត្រការ៉េ ដែលបានធ្លាក់ចុះក្នុងរយៈពេលមិនដល់ម៉ោងនោះទេ ។ ជាការឆ្លើយតប មន្ត្រីមូលដ្ឋានបានប្រកាសពីស្ថានភាព នៃគ្រោះមហន្តរាយសាធារណៈរយៈពេល១៨០ថ្ងៃ ។
នៅក្នុងខ្សែវីដេអូមួយ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម លោក Romeu Zema អភិបាលរដ្ឋ Minas Gerais បានប្រកាសឲ្យដឹងថា លោកនឹងធ្វើដំណើរ ទៅកាន់ទីក្រុង Ipatinga នៅព្រឹកថ្ងៃចន្ទ ដើម្បីចុះវាយតម្លៃគ្រោះមហន្តរាយ និងរៀបចំលំនៅដ្ឋានបណ្តោះអាសន្ន ប្រកបដោយសុវត្ថិភាព សម្រាប់អ្នកដែលផ្លាស់ ទីលំនៅ ។
ទន្ទឹមនឹងនេះដែរ នៅទីក្រុង Santa Catarina ភ្លៀងបានធ្លាក់ចុះយ៉ាងខ្លាំង បានបោកបក់ទៅផ្នែកនៃផ្លូវហាយវេស៍ ដោយបានបណ្តាលឲ្យស្លាប់ មនុស្សចំនួន០២នាក់ និង ម្នាក់ទៀតបានបាត់ខ្លួន ។ រដ្ឋាភិបាលរដ្ឋបានរាយការណ៍ថា មានភ្លៀងធ្លាក់ដែលមាន ទំហំ១២១.៤មិល្លីម៉ែត្រ ក្នុងរយៈពេល២៤ម៉ោង ចុងក្រោយនេះ ដែលនាំឱ្យមានការបិទផ្លូវ ។ គណៈកម្មាធិការគ្រប់គ្រង វិបត្តិត្រូវបានបង្កើតឡើង ដើម្បីត្រួតពិនិត្យប្រតិបត្តិការជួយសង្គ្រោះ និងជួសជុលផ្លូវ ដែលបានរងការខូចខាត ៕
ប្រែសម្រួលដោយ៖ម៉ៅ បុប្ផាមករា