ភ្នំពេញ ៖ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ បានឱ្យដឹងថា ក្នុងរយៈពេលប៉ុន្មានថ្ងៃទៀតអតីតអ្នកឧកញ៉ា ហេង សិទ្ធីនឹងមកដល់ស្រុកខ្មែរវិញ ក្រោយពីការបំពេញបែបបទរួចរាល់ចប់សព្វគ្រប់។
ការលើកឡើងរបស់លោកនេះ បន្ទាប់ពីអតីតឧកញ៉ា ហេង សិទ្ធី ត្រូវបានចាប់ខ្លួន នៅព្រំដែនប្រទេសរុស្សី ខណៈថ្មីៗនេះរាជរដ្ឋាភិបាលកម្ពុជា បានធ្វើមោឃភាពលិខិតឆ្លងដែនរបស់លោក ។
លោកទូច សុឃៈ បានមានប្រសាសន៍នាថ្ងៃ១៥ មករា ថា ការចាប់ខ្លួនអតីតឧកញ៉ារូបនេះ បានធ្វើឡើងអស់រយៈពេលប៉ុន្មានថ្ងៃមកហើយ ប៉ុន្តែមុននឹងបញ្ជូនមកខ្មែរវិញ គឺត្រូវបំពេញបែបបទ ឱ្យបានត្រឹមត្រូវ តាមផ្លូវច្បាប់រវាងរដ្ឋនិងរដ្ឋ ជាពិសេសជាមួយរដ្ឋសាមី ដែលបានចាប់ខ្លួនអតីត ឧកញ៉ារូបនេះ ។
លោកបន្តថា “ការបំពេញបែបបទដើម្បីស្នើឈ្មោះ ហេង សិទ្ធីមកប្រទេសកម្ពុជាគឺតាមរយៈហៅថា កិច្ចព្រមព្រៀងបត្យាប័នរវាងរដ្ឋនិងរដ្ឋ ប៉ុន្តែការមកដល់ពេលណា គឺខ្ញុំមិនអាចបញ្ជាក់ជូនបានទេ គឺវាអាស្រ័យទៅលើការបំពេញ នីតិវិធីទៅតាមបែបបទបានចប់សព្វគ្រប់ ប៉ុន្តែវាមិនយូរពេកទេ នៅក្នុងការបញ្ជូនមកនេះ” ។
ចំពោះការចាប់ខ្លួននេះ លោក ទូច សុឃៈក៏បានបញ្ជាក់ដែរថា មិនមែនដោយសារគាត់ដើរ បរិហារកេរ្តិ៍គេពីក្រៅប្រទេស មកនោះទេ ប៉ុន្តែមានដីកាចេញពី តុលាការបញ្ជាឲ្យចាប់ខ្លួនលោក ហេង សិទ្ធី និង មានបណ្តឹងពីមុនមកដែរ ។ លោកថា ការចេញទៅក្រៅប្រទេសរបស់លោក ហេង សិទ្ធីដោយសារ តែការគេច ពីការចាប់ខ្លួនរបស់តុលាការ ឬសមត្ថកិច្ចព្រហ្មទណ្ឌ។
ប៉ុន្តែទោះបីជាយ៉ាងណាក៏លោកទូច សុឃៈអះអាងថា ការបរិហារកេរ្តីពីកម្ពុជាថា ជាកន្លែងឧក្រិដ្ឋកម្មឆបោកតាមអនឡាញ ការជួញដូរមនុស្ស និងគ្រឿងញៀន បានធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ច ពាណិជ្ជកម្មនិងទេសចរណ៍របស់កម្ពុជាជាខ្លាំងនៅលើឆាកអន្តរជាតិ។
សូមបញ្ជាក់ថា ក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី៨ មករា បានចេញលិខិត ទៅកាន់ស្ថានទូតខ្មែរ ប្រចាំនៅក្រៅប្រទេស ទាំងអស់ថា ក្រសួងមហាផ្ទៃ បានប្រកាសមោឃភាពលិខិតឆ្លងដែន ធម្មតារបស់អតីតឧកញ៉ា ហេង សិទ្ធី ខណៈ សាលាដំបូងរាជធានីភ្នំពេញ ក៏បានចេញដីកាឱ្យចាប់ខ្លួនដែរ ។
កាលពីថ្ងៃទី៣១ ធ្នូ ក្រសួងមហាផ្ទៃ បានចេញលិខិតមួយ ទៅកាន់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្តីពីការប្រកាសមោឃភាព លិខិតឆ្លងដែនធម្មតារបស់អតីតឧកញ៉ា ហេង សិទ្ធី ក្រោមហេតុផលថា អតីតឧកញ៉ារូបនេះ ត្រូវសាលាដំបូងរាជធានីភ្នំពេញចេញដីកា ឱ្យចាប់ខ្លួនពីបទគំរាមកំហែង ហែកកេរ្តិ៍មានស្ថានទម្ងន់ទោស ៕