កំពង់ស្ពឺ ៖ អភិបាល ខេត្តកំពង់ស្ពឺលោក ជាម ច័ន្ទសោភ័ណ ថាសុខសន្តិភាព បានធ្វើឱ្យខេត្ត ដែលធ្លាប់តែប្រទាញប្រទងគ្នា ដោយចុងអាវុធ រងគ្រោះដោយភ្លើង សង្គ្រាមអូសបន្លាយយូរឆ្នាំ មានឱកាសក្នុងការអភិវឌ្ឍន៍ លើផ្នែកសេដ្ឋកិច្ច-សង្គម ប្រជាពលរដ្ឋ អាចរស់នៅ ដោយគ្មានការភ័យខ្លាច មានអាហារទទួលទានគ្រប់គ្រាន់ មានជម្រកស្នាក់នៅសមរម្យ មានលទ្ធភាពចូលរួមរាល់ សកម្មភាពសង្គមផ្សេងៗ និងអាចធ្វើដំណើរកម្សាន្ត ក្នុងឱកាសពិធីបុណ្យនានា ទាំងក្នុងនិងក្រៅប្រទេស ។
ការលើកឡើងដូច្នេះ គ្រាដែលដឹកនាំក្រុមការងារ ប្រធានមន្ទីរ អង្គភាព ចុះពិនិត្យវឌ្ឍនភាព នៃការស្ថាបនានិងចាក់បេតុង ស្ពានពីរកន្លែង លើបណ្តោយផ្លូវជាតិ៤៦ តភ្ជាប់ពីផ្លូវជាតិលេខ៤ទៅកាន់ឧទ្យានជាតិគីរីរម្យ ស្ថិតនៅក្នុងឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ ។
លោក ជាម ច័ន្ទសោភ័ណ បានលើកឡើងថា សុខសន្តិភាព ស្ថិរភាពនយោបាយ ជាឱកាសមាសដើម្បីឱ្យក្រសួង ស្ថាប័នមន្ទីរ មានឱកាសក្នុងកសាងប្រព័ន្ធ ហេដ្ឋារចនាសម្ព័ន្ធឱ្យបានល្អ ។ ហើយបើគ្មាន សុខសន្តិភាព ស្ថិរភាពនយោបាយនោះទេ ក្រសួង ស្ថាប័ន មន្ទីរ ក៏ដូចអាជ្ញាធរ គ្មានឱកាសក្នុងការស្ថាបនា និងអភិវឌ្ឍន៍ឱ្យមាន ការរីកចម្រើនឡើយ ហើយប្រជាពលរដ្ឋ ក៏មានពេលវេលា ក្នុងការរកស៊ីទទួលទាននោះដែរ ។
អភិបាលខេត្តកំពង់ស្ពឺបានបន្ថែមថា បច្ចុប្បន្នដោយកត្តាសុខសន្តិភាព ប្រទេសកម្ពុជាទទួលបានដៃគូអភិវឌ្ឍន៍ជាច្រើន ពិសេសប្រទេសជាមិត្តនិងធនាគារជាដៃគូ បានផ្តល់ថវិកាឱ្យមកកម្ពុជា ដើម្បីមកកសាង ហើយក្នុងនោះស្ពានឬថ្នល់ ដែលជាវិស័យសាធារណការ និងដឹកជញ្ជូន ត្រូវបានទទួលអាទិភាព ។ ដូច្នេះសុខសន្តិភាពនេះ បានផ្តល់ ឱកាសឱ្យកម្ពុជា ទទួលបានការអភិវឌ្ឍ និងរីកចម្រើនលើគ្រប់វិស័យទាំងអស់ រួមទាំងហេដ្ឋារចនាសម្ព័ន្ធ រូបវ័ន្តសំខាន់ៗដូចជា ទឹក ភ្លើង ផ្លូវ-ស្ពាន សាលារៀន មន្ទីរពេទ្យជាដើម ដែលត្រូវបានស្ថាបនាឡើង យ៉ាងល្អប្រសើរ ដើម្បីបម្រើឱ្យផលប្រយោជន៍រួម របស់បងប្អូនប្រជាពលរដ្ឋ ។
នាឱកាសនោះដែរ លោក ជាម ចន្ទ័សោភ័ណ បានបញ្ជាក់បន្ថែមថា នៅក្នុងឃុំចំបក់ មានប្រជាពលរដ្ឋ ប្រមាណជាង ១ពាន់គ្រួសារ គឺជាកសិករ ហើយក៏មានរមណីយដ្ឋាន ពីរកន្លែងមានឧទ្យានជាតិគីរីរម្យ និងទឹកធ្លាក់ចំបក់ គឺជាតំបន់ទេសចរណ៍ ធម្មជាតិ មួយដែលបាននិងកំពុងទទួលការ ចាប់អារម្មណ៍ខ្លាំងពីសំណាក់ភ្ញៀវ ទេសចរណ៍ជាតិ អន្តរជាតិ ដូច្នេះរំពឹងថាការស្ថាបនាស្ពានពីរកន្លែងនៅលើផ្លូវជាតិ លេខ៤៦នេះ នឹងបម្រើដល់វិស័យដឹកជញ្ជូនកសិកម្ម របស់ពលរដ្ឋទៅកាន់ទីផ្សារនិងសម្រួល ដល់ដំណើរភ្ញៀវទេសចរណ៍ មកកាន់រមណីយដ្ឋាននេះបានយ៉ាងល្អប្រសើរ មួយវិញទៀតក៏បង្ក លក្ខណៈងាយស្រួលបន្ថែមទៀត ដល់បងប្អូននិងសិស្សានុសិស្ស បានទៅកាន់មន្ទីរពេទ្យ និងទៅសាលារៀន បានយ៉ាងឆាប់រហ័សផងដែរ ។ ដូច្នេះសុខសន្តិភាព ជាកត្តាមួយមិន អាចកាត់ថ្លៃបានឡើយ ។
សូមរំលឹក ថា ខេត្តកំពង់ស្ពឺនៅប៉ុន្មានឆ្នាំចុងក្រោយ គឺបាននិងកំពុងផ្លាស់ប្តូរ មុខមាត់យ៉ាងលឿន តាមរយៈវត្តមានរោងចក្រ សហគ្រាស តូចធំបង្កើត ឱកាសការងារជូនប្រជាពលរដ្ឋ ផ្លូវ ថ្នល់ ស្ពាន កាន់តែច្រើន និងកើតមានបន្តបន្ទាប់ ដែលទាំងអស់ នេះ គឺបានឆ្លុះបញ្ចាំងពីសមិទ្ធផលធំៗ របស់ខេត្តដែលសម្រេច បាននិងមិនធ្លាប់មានពីមុនមក ក្នុងពេលដែលកម្ពុជា កំពុងទទួលបានសុខសន្តិភាព ពេញលេញទូទាំង ប្រទេសក្រោម ការដឹកនាំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងបន្តដឹកនាំ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ៕
ដោយ៖ សុខ សុភ័ណ្ឌ រូបថតមជ្ឈមណ្ឌលដើមអំពិល