កំពង់ធំ : នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ប្រធានគណ:កម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានដឹកនាំសហការីទៅពិនិត្យមើលការឈូសឆាយផ្លូវ ការជីកអណ្ដូងទឹក និងសំណេះសំណាលសាកសូរសុខ ទុក្ខជាមួយក្រុមគ្រួសារ អតីតយុទ្ធជនចំនួន៦៥គ្រួសារ ដែលទើបមករស់នៅថ្មី នៅលើដីសម្បទានសង្គមកិច្ច ព្រមទាំងបានឧបត្ថម្ភស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនអតីតយុទ្ធជនចំនួន២០គ្រួសារ ដែលមានជីវភាពលំបាកខ្វះខាត នៅឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា ដោយបានការយកចិត្តទុកដាក់ ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ប្រធានព្រឹទ្ធសភា និងជាប្រធាន សមាគមអតីតយុទ្ធជនកម្ពុជា តាមរយៈឯកឧត្តមទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍ គន់ គីម កន្លងមកនេះ សម្ដេចតេជោ និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត លោកបានផ្ដល់ជូនអតីត យុទ្ធជនចំនួន១៤១គ្រួសារ ដែលមានជីវភាពលំបាកខ្វះខាត មានផ្ទះមួយខ្នងទំហំ៥ម៉ែត្រ គុណនឹង៧ម៉ែត្រ ព្រមទាំងបានផ្ដល់ដីសម្បទាន សង្គមកិច្ច ក្នុងមួយគ្រួសារចំនួន ១ហិកតាកន្លះ ជូនដល់បងប្អូនក្រុមគ្រួសារ មានរយៈពេលជាង៣ឆ្នាំកន្លងមកហើយ។ ដោយឡែកបច្ចុប្បន្ននេះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី លោកបានផ្ដល់ផ្ទះចំនួន៦៥ខ្នង និងដីសម្បទានសង្គមកិច្ច ក្នុងមួយគ្រួសារ ១ហិកតា ជូនដល់ក្រុមគ្រួសារ តីតយុទ្ធជន ដែលមានជីវភាពលំបាកខ្វះខាត ចំនួន៦៥គ្រួសារថ្មីទៀត ដែលកំពុងដំណើរ ការសាងសង់បាន៩០ %ហើយ ។ ហើយបច្ចុប្បន្នបងប្អូនអតីតយុទ្ធជន យើងចំនួន៩៥ %បានមករស់នៅជាបន្តបន្ទាប់នៅថ្ងៃនេះ។
នៅក្នុងឱកាសសំណេះសំណាលសាកសួរសុខទុក្ខ និងត្រួតពិនិត្យការឈូសឆាយផ្លូវ ជីកអណ្ដូងទឹកនៅពេលនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បាននាំយកនូវស្បៀង អាហារគ្រឿងឧបភោគបរិភោគ ដែលជាអំណោយ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ឧបត្ថម្ភជូនដល់បងប្អូនក្រុមគ្រួសារ អតីតយុទ្ធជនចំនួន២០គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាននូវអង្ករចំនួន ២៥ គីឡូក្រាម មីជាតិចំនួនមួយកេស ត្រីខកំប៉ុងចំនួនមួយយួរ និងទឹកត្រីទឹកស៊ីអ៊ីវ ចំនួនមួយយួរផងដែរ។
អតីតយុទ្ធជន ដែលបានមករស់នៅលើដី សម្បទានសង្គមកិច្ច បានសូមគោរពថ្លែងអំណរគុណ ដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដែលបានជួយដោះស្រាយនូវរាល់ការ លំបាកខ្វះខាត ជូនពួកគាត់គ្រប់បែប យ៉ាងនាពេលកន្លងមក និងសូមគោរពជូនពរសម្ដេច និងលោកជំទាវ សូមទទួលបាននូវពុទ្ធពរទាំង ៤ប្រការ កុំបីឃ្លៀងឃ្លាតឡើយ ៕ ដោយសំនៀង