ភ្នំពេញ៖ វិស័យទេសចរណ៍កម្ពុជា បានវិលទៅរកស្ថានភាពមុនវិបត្តិជំងឺកូវីដ-១៩ ដោយនៅឆ្នាំ២០២៤ កម្ពុជាទទួលស្វាគមន៍ទេសចរអន្តរជាតិប្រមាណ៦,៧លាននាក់ កើនឡើង ២២,៩% ធៀបនឹងឆ្នាំ២០២៣ និង កើនឡើង ១,៤% ធៀបនឹងឆ្នាំ២០១៩។
ការឱ្យដឹងនេះ ធ្វើឡើងនៅក្នុងពិធីផ្សព្វផ្សាយស្តីពី «ការលើកកម្ពស់វិស័យទេសចរណ៍ និងការប្រឆាំងព័ត៌មានក្លែងក្លាយ» នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥នេះ ធ្វើឡើងក្រោមអធិបតីភាព លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងលោក នេត ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន។
ជាមួយគ្នានេះដែរ លោករដ្ឋមន្រ្តីនៃក្រសួងទាំងពីរ បានប្តេជ្ញារួមគ្នាផ្សព្វផ្សាយនិងលើកកម្ពស់សក្តានុពលវិស័យទេសចរណ៍ និងការប្រឆាំងព័ត៌មានក្លែងក្លាយ ក្រោមប្រធានបទ «ម្នាក់ៗជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់ និងប្រឆាំងព័ត៌មានក្លែងក្លាយ» សំដៅបង្ការ ទប់ស្កាត់ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ បង្កាច់បង្ខូចកេរ្តិ៍ឈ្មោះកម្ពុជា និងលើកកម្ពស់ការផ្សព្វផ្សាយព័ត៌មានពិត ផ្តល់សុវត្ថិភាព និងភាពជឿជាក់ដល់សាធារណជន និងទេសចរអន្តរជាតិ ដែលមានបំណងមកទស្សនាកម្សាន្ត នៅកម្ពុជា ក៏ដូចជាទាក់ទាញទេសចរមកទស្សនាកម្ពុជា កាន់តែច្រើនឡើង។