ព័ត៌មានអន្តរជាតិ

មហាសេដ្ឋី និងអតីតប្រធានាធិបតីអាមេរិក នឹងចូលរួមពិធីស្បថចូលកាន់តំណែងរបស់លោក Trump

VOA

បរទេស៖ លោក Elon Musk ដែលជាមហាសេដ្ឋីមានជាងគេបំផុតរបស់ពិភពលោកនឹងស្ថិតក្នុងចំណោមមហាសេដ្ឋីជាច្រើននាក់ដែលចូលរួមក្នុងពិធីសម្ពោធប្រធានាធិបតីទីពីររបស់លោក Donald Trump ។ លោក Musk ត្រូវបានកំណត់ឱ្យធ្វើជាប្រធានដឹកនាំក្រសួងប្រសិទ្ធភាពរដ្ឋាភិបាលថ្មីរបស់លោក Trump រួមជាមួយនឹង លោក Vivek Ramaswamy ដែលជាសហគ្រិនជីវបច្ចេកវិទ្យា។

យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងដោយផ្អែកតាមរបាយការណ៍បានសរសេរថា លោក Musk ត្រូវបានគេគ្រោងនឹងអង្គុយនៅក្នុងពិធីសម្ពោធជាមួយមហាសេដ្ឋី Amazon លោក Jeff Bezos និងនាយកប្រតិបត្តិ Meta (Facebook) លោក Mark Zuckerberg ។

ខណៈពេលដែលវាមិនមែនជាទម្លាប់ក្នុងការអញ្ជើញមេដឹកនាំបរទេស លោក Trump បានអញ្ជើញជាច្រើននាក់។ ប្រធានាធិបតីអាហ្សង់ទីន លោក Javier Milei ត្រូវបានគេរំពឹងថានឹងចូលរួមផងដែរ នេះបើយោងតាម Bloomberg ។ លោក Javier Milei គឺជាមេដឹកនាំបរទេសដំបូងគេដែលបានជួបជាមួយ Trump បន្ទាប់ពីលោក Trump បានឈ្នះការបោះឆ្នោតកាលពីខែវិច្ឆិកា។ លោក Trump ក៏បានអញ្ជើញប្រធានាធិបតីចិន Xi Jinping ដែលនឹងបញ្ជូនបេសកជនមកចូលរួមផងដែរ។ នាយករដ្ឋមន្ត្រីអ៊ីតាលីស្តាំនិយម លោកស្រី Giorgia Meloni ក៏បានទទួលការអញ្ជើញដែរ ប៉ុន្តែលោកស្រីបាននិយាយថា លោកស្រីមិនប្រាកដថាកាលវិភាគរបស់លោកស្រីនឹងអនុញ្ញាតឱ្យលោកស្រីចូលរួមបានឬយ៉ាងណានោះទេ។

ប្រធានាធិបតីផុតអាណត្តិ Joe Biden និងស្ត្រីទីមួយ Jill Biden នឹងចូលរួមពិធីនៅថ្ងៃច័ន្ទ។ គេកត់សម្គាល់ថា នៅពេលដែលលោក Biden បានស្បថចូលកាន់តំណែងកាលពីបួនឆ្នាំមុន បន្ទាប់ពីឈ្នះការបោះឆ្នោតប្រធានាធិបតី គឺ លោក Trump មិនបានចូលរួមនោះទេ ដោយសារលោកប្រកាន់ខ្ជាប់ចំពោះការជឿជាក់ថា លោកឈ្នះការបោះឆ្នោតនេះ។

អតីតប្រធានាធិបតី Barack Obama, George W. Bush និង Bill Clinton ក៏នឹងចូលរួមពិធីសម្ពោធរបស់លោក Trump ផងដែរ។ លោក Bush និង Clinton នឹងទៅចូលរួមជាមួយភរិយា Laura Bush និងអតីតរដ្ឋមន្ត្រីការបរទេស Hillary Clinton៕

ប្រែសម្រួលៈ ណៃ តុលា

To Top