ភ្នំពេញ ៖ សាស្ដ្រាចារ្យបណ្ឌិត ទ្រី ចាន់ធុច អនុរដ្ឋលេខាធិការក្រសួងផែនការ និងជាអនុប្រធានក្រុមប្រឹក្សាភិបាល សាកលវិទ្យាល័យអាស៊ីអឺរ៉ុប នាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ បានរៀបចំកម្មវិធីនេះ ដោយសហការជាមួយសាកលវិទ្យាល័យជាតិ កៅស៊ុង នៃវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា និងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នាំយកសម្ភារសិក្សា ចំនួន ៥០៤កញ្ចប់ សម្រាប់កុមារា-កុមារីសិស្សានុសិស្ស ព្រមទាំងឧបត្ថម្ភថវិកាមួយចំនួន ជូនលោកគ្រូ-អ្នកគ្រូ ចំនួន១៩នាក់ នៅសាលាបឋមសិក្សាភូមិអូរ ស្ថិតក្នុងភូមិអូរ ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។
នេះជាលើកទី៦ហើយ ដែលកម្មវិធី «បណ្ណាល័យខ្ញុំ» បានជួយឧបត្ថម្ភដល់សិស្ស ក្នុងតំបន់ដាច់ស្រយាលខ្វះខាត ឲ្យពួកគេមានសម្ភារៈសិក្សាបន្ថែម និងលទ្ធភាពក្នុងការអានសិក្សាស្រាវជ្រាវបង្កើនចំណេះដឹង ។
ក្នុងឱកាសនោះ លោកសាស្ដ្រាចារ្យបណ្ឌិត បញ្ជាក់ថា កម្មវិធីសប្បុរសធ៌មនេះ បង្កើតឡើងក្នុងបំណង ដើម្បីលើកទឹកចិត្តសិស្ស ឱ្យមានចំណង់រៀនសូត្របន្ថែម ការចុះសួរសុខទុក្ខក្នុងដំណើរការអប់រំ នៅកម្រិតបឋមសិក្សាផងដែរ ។
លោកសាស្ដ្រាចារ្យបណ្ឌិត ទ្រី ចាន់ធុច បានមានប្រសាសន៍ថា អំណោយទាំងនេះ បានមកពីការចូលរួម របស់សាកលវិទ្យាល័យ អាស៊ីអឺរ៉ុប, សាកលវិទ្យាល័យជាតិកៅស៊ុងនៃវិទ្យាសាស្ដ្រ និងបច្ចេកវិទ្យា, សមាគមគីវ៉ានីស៍, សមាគមអប់រំអូវ៉ើស៊ីកម្ពុជា និង សប្បុរសជននានារួមគ្នា ជួយដល់វិស័យអបរំនៅកម្ពុជា តាមរយៈការចែករំលែកពីអ្នកមានលទ្ធភាព ជួយដល់អ្នកទន់ខ្សោយខ្វះខាត ដើម្បីចូលរួមជួយដល់មនុស្ស ក្នុងសង្គមបានរីកចំរើនទៅ ព្រមៗគ្នាក្នុងបំណង រួមចំណែកអភិវឌ្ឍសង្គមជាតិ ឱ្យបានរីកចម្រើន ។
ទន្ទឹមនឹងនេះ លោកសាស្ដ្រាចារ្យបណ្ឌិត ក៏បានណែនាំឲ្យសិស្សានុស្សិស្សទាំងអស់ ត្រូវយកចិត្តទុកដាក់ ខិតខំរៀនសូត្រ ពីថ្នាក់បឋម រហូតដល់វិទ្យាល័យ កុំបោះបង់ការសិក្សា ត្រូវព្យាយាមតស៊ូរៀនឲ្យបានចប់ថ្នាក់ឧត្តមសិក្សា ដោយយកការអានជាមូលដ្ឋានគ្រឹះក្នុងការសិក្សា ដូចសុភាសិត១ឃ្លាបានពោលថា អានច្រើន កើនបញ្ញា ។ លើសពីនេះ Prof. Dr. Kao Jui-Chung, ព្រឹទ្ធបុរស National Kaohsiung University of Science and Technology ក៏បានលើកឡើង និងបញ្ជាក់បន្ថែមដល់សប្បុរសជននានាមកពីតៃវ៉ាន់ ដើម្បីស្វែងយល់អំពីស្ថានភាព និងសកម្មភាពសប្បុរសធម៌របស់សមាគម និងសកម្មភាពគម្រោងនានា ដែលបានធ្វើកន្លងមក ។
លោកនាយកបឋមសិក្សាភូមិអូរ បានថ្លែងអំណរគុណ ដល់ម្ចាស់អំណោយ និងបានចាត់ទុកថា ជំនួយឧបត្ថម្ភនាពេលនេះ ជាការជួយសម្រួលការលំបាកខ្វះខាត ដល់សិស្សានុសិស្ស ឱ្យកាន់តែស្រលាញ់ការសិក្សារៀនសូត្រ។
គួរបញ្ជាក់ថា សម្រាប់សិស្សានុសិស្ស ៥០៤នាក់ ក្នុងម្នាក់ទទួលបានសៀវភៅសរសេរ២ក្បាល, ប៊ិច២ ដើម, ខ្មៅដៃ ២ដើម និងជ័រលុប ១ និងថវិកាមួយចំនួន២០០ដុល្លារអាម៉េរិក ដល់លោកគ្រូ-អ្នកគ្រូចំនួន១៩នាក់។
លើសពីនេះ ក្រុមការងារសប្បុរសធម៌ ក៏បានទស្សនកិច្ចកំសាន្តនៅខេត្តសៀមរាប ជាពិសេសតំបន់ប្រាសាទ អង្គរផងដែរ៕