ព័ត៌មានជាតិ

ក្រសួងបរិស្ថាន ៖ ការដោះស្រាយបញ្ហាសំរាម និងសំណល់ប្លាស្ទិក នៅតាមមូលដ្ឋាន រួមចំណែកឱ្យការរស់នៅមានចីរភាព

ភ្នំពេញ ៖ លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានឱ្យដឹងថា កម្ពុជាបាននិងកំពុងដោះស្រាយបញ្ហាសំរាម និងសំណល់ប្លាស្ទិក ដែលបានប្រឈមយ៉ាងខ្លាំង ដល់សុខភាពរបស់មនុស្ស កាប្រែប្រួលអាកាសធាតុ និងសោភ័ណភាព ទីប្រជុំជន ទីក្រុង និងសហគមន៍មូលដ្ឋាន។

លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានលើកឡើង បែបនេះ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ ក្នុងពេលអញ្ជើញដឹកនាំមន្រ្តីក្រសួងបរិស្ថាននិងមន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំង ចូលរួមជាមួយជាមួយអាជ្ញាធរមូលដ្ឋាន លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ ក្នុងឃុំក្តុលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង អនុវត្តយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន»។

លោក បានបន្ថែមថា យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» យុទ្ធនាការ«កម្ពុជាស្អាត ខ្មែរធ្វើបាន» និងយុទ្ធនាកមួយចំនួនទៀត ដែលក្រសួង បរិស្ថានបានដាក់ចេញអនុវត្តជាបន្តបន្ទាប់ បានទទួលការគាំទ្រ និងចូលរួម ពីអ្នកពាក់ព័ន្ធទាំងអស់ ជាពិសេសការចូលរួមរើស ប្រមូលទុកដាក់សំរាម និងសំណល់ប្លាស្ទិកឱ្យបានត្រឹមត្រូវ បានស្អាតជាបណ្តើរៗ ដើម្បីធ្វើឱ្យសហគមន៍ស្អាត មានអនាម័យ មានសោភ័ណភាពស្រស់បំព្រង ឆ្ពោះទៅកម្ពុជា យើងមានភាពស្អាតនៅពេលខាងមុខ ។ ប្រឈមនឹងបញ្ហាប្លាស្ទិក បានបង្កបញ្ហាធំៗមួយចំនួន ដូចជាការបំពុលបរិស្ថាន គឺការបំពុលខ្យល់ ទឹក និងដី។ មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថាន បានបន្ថែមថា បញ្ហាប្លាស្ទិកនឹងត្រូវបានដោះស្រាយលុះត្រាតែ មានការចូលរួមទំាងអស់គ្នា។

ដើម្បីកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ការផលិតនិងបញ្ចេញសំរាម និងសំណល់ប្លាស្ទិកផ្តេសផ្តាស លោក បានលើទឹកចិត្តឱ្យសហគមន៍ ប្រជាពលរដ្ឋ ចូលរួមអនុវត្តវិធាន៤R ក្នុងនោះយើងបដិសេធមិនប្រើប្រាស់ រាល់ប្លាស្ទិក យើងចូលរួមកាត់បន្ថយ ការប្រើប្រាស់ប្លាស្ទិក ឬថង់ប្លាស្ទិក យើងអាចប្រើប្រាស់ឡើងវិញ របស់ប្រើប្រាស់ ណាអាចប្រើច្រើនដងជំនួយឱ្យប្លាស្ទិកថ្មី និងចូលរួមកែច្នៃ បង្កើតជាជីចំពោះសំណល់អាហារ ឬស្លឹកឈើ និងកែច្នៃសម្ភារប្លាស្ទិកធ្វើរបស់ប្រើប្រាស់ឡើងវិញ ជាដើម។

ដើម្បីអនុវត្តវិធានទាំង៤ខាងលើនេះ កាន់តែមាន ប្រសិទ្ធភាពបន្ថែមទៀតនោះ យើងរួមគ្នាសំអាតបរិស្ថានយើង ប្រមូលទុកដាក់សំរាម សំណល់ប្លាស្ទិក ដែលរាយប៉ាយតាមផ្លូវ និង ត្រូវបានបោះចោលប្តេសផ្តាស តាមមូលដ្ឋានឱ្យ បានត្រឹមត្រូវជាមុនផងដែរ ។ លោក ខ្វៃ អាទិត្យា បានបញ្ជាក់បន្ថែមក្នុងវេទិកា។

សូមបញ្ជាក់ថា ក្រុមការងារក្រសួងបរិស្ថាន រួមជាមួយអាជ្ញាធរមូលដ្ឋាន ព្រះសង្ឃ សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ និងអ្នកចូលរួមទាំងអស់ បានចូលរួមផ្សព្វផ្សាយសារអប់រំកាត់បន្ថយប្លាស្ទិក និងការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ តាមរយៈម៉ូតូរ៉ឺម៉ក នៅតាមមូលដ្ឋាន និងចូលរួមរើសសំរាម សំអាតបរិស្ថាន តាមដងផ្លូវ ក្នុងមូលដ្ឋានផងដែរ៕

To Top