ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាអនុប្រធាន គណៈកម្មការជាតិ ប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានធ្វើការណែនាំឲ្យសមត្ថកិច្ច ត្រូវមានអាកប្បកិរិយា ត្រឹមត្រូវ ចំពោះប្រជាពលរដ្ឋខ្មែរ ខណៈមិនទាន់ពលរដ្ឋខ្មែរណាម្នាក់ ស្លាប់ដោយជំងឺកូវីដ-១៩។
ក្នុងពិធីប្រគល់រថយន្ដ ឲ្យស្នងការដ្ឋានគរបាលខេត្ត និងប្រគល់សម្ភារៈមួយចំនួន ដើម្បីការពារជំងឺ កូវីដ-១៩ នៅទីស្ដីការ ក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ សម្ដេចក្រឡាហោម ស ខេង បានអរគុណទៅដល់សមត្ថកិច្ចចំណុះក្រសួង ដែលចូលរួមគាំទ្រគោលការណ៍ និងវិធានការទប់ស្កាត់ជំងឺ កូវីដ-១៩ ព្រមទាំងអរគុណ មន្ដ្រីទាំងអស់បានកាត់ប្រាក់ខែផ្ទាល់ខ្លួន ដើម្បីប្រយុទ្ធប្រឆាំងនឹង កូវីដ-១៩។
សម្ដេចមានប្រសាសន៍ថា «មកដល់ពេលនេះជំងឺនេះ (ជំងឺកូវីដ) មិនទាន់ស្រាកស្រាន្ដ នៅលើសកលលោកយើងនេះ ដែលពីមួយថ្ងៃ ទៅមួយថ្ងៃ មានការកើនឡើងយ៉ាងច្រើន ហើយអ្នកស្លាប់ក៏មាន កើនឡើង ។ ដោយឡែកសម្រាប់កម្ពុជា របស់យើងមកទល់ពេលនេះ មាន១២២ ហើយបានជាសះស្ បើយ៧៧ នៅក្នុងពេទ្យ៤៥ ប៉ុន្ដែមិនមានអ្នក ស្លាប់ទេ»។
ដូច្នេះការយកចិត្តដាក់របស់មន្ដ្រី ក្រសួងសុខាភិបាល ក៏ដូច ជាប្រជាពលរដ្ឋគ្រប់រូប ធ្វើឲ្យជំងឺកូវីដ-១៩ មិនអាចយកឈ្នះបាន។នេះជាប្រសាសន៍របស់សម្តេច។
ជាមួយគ្នានេះ សម្ដេចបង្ហាញក្តីសង្ឃឹមថា នាពេលខាងមុខ នឹងទទួលបានលទ្ធផលល្អកាន់តែប្រសើរ ក្នុងករណីភាគីពាក់បានខិតខំប្រឹងប្រែង ទប់ស្កាត់នៅជំងឺនេះ។
សម្ដេចក្រឡាហោម រំលឹកថា នាពេលកន្លងទៅ រាជរដ្ឋាភិបាល ចេញវិធានការ មិនឲ្យធ្វើចរាចរណ៍ ពីខេត្តមួយ ទៅខេត្តមួយ ដើម្បីទប់ស្កាត់ការរីករាលនៃជំងឺកូវីដ-១៩ ដែលកំពុងកើតមានឡើងនៅ ហើយបានលើកពេល ថ្ងៃឈប់សម្រាក បុណ្យចូលឆ្នាំខ្មែរ ។
សម្ដេចក្រឡាហោម ស ខេង ថា «ការងារ មក ដល់ពេលនេះ វាមិនបាន១០០%ទេ យើងជឿចឹងពីព្រោះថា នេះបទបញ្ជាមែន ប៉ុន្ដែគឺមិនអនុញ្ញាតឲ្យសមត្ថកិច្ចរបស់យើង ដើម្បីចាត់វិធានតឹងរឹង រហូតដល់ថា យកទោស អ្នកមិនបានគោរពទេ។គ្រាន់ថា អង្វរករ អំពាវនាវឲ្យគាត់យល់ ឲ្យចូលរួមតែប៉ុណ្ណឹងទេ ហើយ មានអ្នកខ្លះទៅតាមផ្លូវជាតិ មិនបាន ទៅផ្លូវតូចៗ ។អ្នកខ្លះទៀតជិះឡាន តែនៅសល់៣០០ម៉ែត្រចុះដើរ ក៏មានដែរ ចុះដើរហើយគាត់ថា ផ្ទះគាត់នៅខាងមុខនេះ យើងធ្វើម៉េច?»។
សម្ដេចក្រឡាហោម បញ្ជាក់ថា «ខ្ញុំតែតែងណែនាំផ្ដល់នូវមតិយោបល់ ធ្វើម៉េចអាកប្បកិរិយារបស់មន្ដ្រីរបស់យើង គឺមិនត្រូវធ្វើនាំឲ្យប៉ះពាល់ ឬក៏ឈានមានការផ្ទុះទស្តរាយអំពើហិង្សា ទាំងនោះទេ»៕
ដោយ ៖ អេង ប៊ូឆេង