ភ្នំពេញ៖ មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកណ្តាល បានបែងចែកក្រុមការងារជា៥ក្រុម សម្រាប់ថែទាំផ្លូវថ្នល់ ស្ពាន បណ្តាញលូ និងសំណង់សិល្បការ្យនានាជាប្រចាំ នៅតាមបណ្តាក្រុងស្រុក ក្នុងភូមិសាស្ត្រខេត្តកណ្តាល ។
ថ្លែងក្នុងកិច្ចប្រជុំ ស្ដីអំពី “ការដាក់ឱ្យដំណើរការក្រុមការងារថែទាំប្រចាំ ឆ្នាំ ២០២៥ តាមបណ្តា ក្រុង ស្រុក ក្នុងភូមិសាស្ត្រ ខេត្តកណ្តាល” លោក ប៉ែត សារ៉ាត់ អនុប្រធានមន្ទីរសាធារណ ការ និងដឹកជញ្ជូន តំណាងដ៏ខ្ពង់ខ្ពស់ លោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្តាល បានសម្តែងនូវការស្វាគមន៍ដល់ ថ្នាក់ដឹកនាំ ការិយាល័យ មន្ត្រីរាជការ មន្ត្រីកិច្ចសន្យា បុគ្គលិកបើកបរ កម្មករអណ្ដែតទាំងអស់ដែលបានចូលរួម និង បានលើកឡើងអំពីគោលបំណងនៃកិច្ចប្រជុំ ដើម្បីរៀបចំក្រុមការងារថែទាំផ្លូវជាតិ ផ្លូវខេត្តក្រាលកៅស៊ូ ការងារកាយរំដោះទឹក និងជួសជុលសំណង់សិល្បការ្យផ្សេងៗ តាមបណ្តា ក្រុង ស្រុក ក្នុងភូមិសាស្ត្រ ខេត្តកណ្តាលទាំងមូល ដើម្បីថែរក្សាផ្លូវថ្នល់ ស្ពាន បណ្តាញលូ និងសំណង់សិល្បការ្យនានាក្នុងវិស័យ សាធារណការ អាចប្រើប្រាស់បានយូរ បម្រើដល់វិស័យពាណិជ្ជកម្ម ការធ្វើចរាចរណ៍ ការដឹកជញ្ជូនទំនិញ កសិផល របស់ប្រជាពលរដ្ឋទូទៅ។
អង្គប្រជុំបានសម្រេចបែងចែកក្រុមការងារថែទាំផ្លូវថ្នល់ជាប្រចាំ ជា៥ក្រុម ក្នុងនោះរួមមាន៖
ក្រុមទី១ ស្នាក់នៅទីតាំងផ្លូវជាតិលេខ ២៣ ស្ថិតក្នុងស្រុកកោះធំ ទទួលខុសត្រូវថែទាំកំណាត់ផ្លូវជាតិ និងផ្លូវខេត្តលេខ ១ ២១ ១៤ ១១០ និង១២៩។
ក្រុមទី២ ស្នាក់នៅទីតាំងឃុំ វិហាសួគ៌ ស្រុកខ្សាច់កណ្តាល ទទួលខុសត្រូវថែទាំកំណាត់ផ្លូវជាតិ និង ផ្លូវខេត្តលេខ ៦ ៨ ៧០អា ៧០ប ៣៨៣ ៣៨០៛ ៣៨០អា១ ៣៨១អា ៣៨៣ ៣៨៣អា ៣៨៣កា និង ៣៨២។
ក្រុមទី៣ ស្នាក់នៅទីតាំងឃុំ ផ្សារដែក ស្រុកពញ្ញាឮ ទទួលខុសត្រូវថែទាំកំណាត់ផ្លូវជាតិ និងផ្លូវខេត្ត លេខ ៥ ខ្នែងផ្លូវជាតិលេខ៥ចាស់ ៦១ ២៦១៨ ១៥១អា និង២៦១៨។
ក្រុមទី៤ ស្នាក់នៅទីតាំងឃុំ ក្រាំងម្កាក់ ស្រុកអង្គស្នួល ទទួលខុសត្រូវថែទាំកំណាត់ផ្លូវជាតិ ផ្លូវខេត្តលេខ ២ ៣ ៤២ ១កាដ៩ ១កាដ១១ ១កាដេ១០ និង៣កាដេ១២។
ក្រុមទី៥ ក្រុមពិសេស ស្នាក់នៅអង្គភាពក្រុងតាខ្មៅ បែងចែកជា០៣ ក្រុមតូចបន្ថែម៖
ក្រុម ក ទទួលខុសត្រូវជួសជុលការងារគ្រឹះធំៗ កាយរំដោះទឹកតាមចិញ្ចើមផ្លូវទូទាំងខេត្ត កណ្តាល និងការងារបន្ទាន់តាមការចាត់តាំងរបស់អង្គភាព។
ក្រុម ខ ទទួលខុសត្រូវលាង និងបោសសម្អាតផ្លូវសំខាន់ៗ ក្នុងក្រុងតាខ្មៅ
ក្រុម គ ទទួលខុសត្រូវថែទាំកំណាត់ផ្លូវជាតិ ផ្លូវខេត្តលេខ ១ ២ ២១ ២១អា ២១០ ១១០ និងផ្លូវថ្នល់ រួមទាំងសំណង់សិល្បការ្យនានាក្នុងក្រុងតាខ្មៅ។
ដើម្បីអនុវត្តការងារថែទាំកំណាត់ផ្លូវជាតិ ផ្លូវខេត្តក្រាលកៅស៊ូ ស្ពាន លូ ជួសជុលសំណង់សិល្បការ យផ្សេងៗ ការងារកាយរំដោះទឹកតាមចិញ្ចើមថ្នល់ ការទប់ស្កាត់ការចាក់ដី ឬសាងសង់សំណង់រំលោភដី ចំណីផ្លូវ ក្នុងភូមិសាស្ត្រខេត្តកណ្តាល ទាំងមូលទទួលបានជោគជ័យ មន្ទីរស្នើសុំកិច្ចសហការចូលរួមរបស់ រដ្ឋបាល ក្រុង ស្រុក ឃុំ សង្កាត់ អ្នកប្រើប្រាស់ផ្លូវថ្នល់ ពិសេសប្រជាពលរដ្ឋទូទៅ ដែលរស់នៅសង្ខាងផ្លូវ៕