ប្រ៊ុចស៊ែល៖ កាលពីថ្ងៃពុធ មន្ត្រីជាន់ខ្ពស់សហភាពអឺរ៉ុប ហៅកាត់ (EU) បានស្វាគមន៍ចំពោះកិច្ចព្រមព្រៀង បទឈប់បាញ់គ្នានៅហ្គាហ្សា ហើយបានអំពាវនាវឱ្យភាគីទាំង២ អនុវត្តកិច្ចព្រមព្រៀងនេះ ឱ្យបានពេញលេញ ។
លោកស្រី Ursula von der Leyen ប្រធានគណៈកម្មការអឺរ៉ុប បានលើកឡើង នៅលើបណ្តាញសង្គម X របស់លោកស្រីថា “នេះនាំមកនូវក្តីសង្ឃឹម ដល់តំបន់ទាំងមូល ដែលពលរដ្ឋបានស៊ូទ្រាំ នឹងការរងទុក្ខយ៉ាងខ្លាំងបំផុត អស់រយៈពេលជាយូរមកហើយ” ។
លោកស្រីបានលើកឡើងទៀតថា “ភាគីទាំង២ ត្រូវតែអនុវត្តឱ្យបានពេញលេញនូវកិច្ចព្រមព្រៀងនេះ ក្នុងនាមជាជំហានឆ្ពោះ ទៅរកស្ថិរភាពយូរអង្វែង នៅក្នុងតំបន់ និងដំណោះស្រាយការទូតនៃជម្លោះ”។
លោក Kaja Kallas តំណាងជាន់ខ្ពស់ទទួល បន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខរបស់សហភាពអឺរ៉ុប ក៏បានកត់សម្គាល់ផងដែរថា “នេះគឺជារបកគំហើញវិជ្ជមានដ៏សំខាន់ឆ្ពោះ ទៅរកការបញ្ចប់អំពើហិង្សា“ ។
ប្រទេស កាតា បានប្រកាស កាលពីល្ងាចថ្ងៃពុធថា អ៊ីស្រាអ៊ែល និងក្រុមហាម៉ាស់ បានយល់ព្រមលើកិច្ចព្រមព្រៀង បទឈប់បាញ់គ្នា សម្រាប់ផ្លាស់ប្តូរ ចំណាប់ខ្មាំង នៅតំបន់ហ្គាហ្សា ។ យោងតាមកិច្ចព្រមព្រៀងនេះ ក្រុមហាម៉ាស់ នឹងដោះលែងចំណាប់ខ្មាំងចំនួន៣៣នាក់ ក្នុងដំណាក់កាលដំបូង មានរយៈពេល៦ សប្តាហ៍ ជាថ្នូរនឹងការដោះលែងអ្នកទោសប៉ាឡេស្ទីន ។ ការអនុវត្តកិច្ចព្រមព្រៀងនឹងចាប់ផ្តើមនៅថ្ងៃអាទិត្យទី១៩ ខែមករា ។ ព័ត៌មានលម្អិត នៃដំណាក់កាលទី២ និងទី៣ នឹងត្រូវបានប្រកាសបន្ទាប់ពីការបញ្ចប់នៃដំណាក់កាលទី១នៃកិច្ចព្រមព្រៀងនេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា