ព័ត៌មានជាតិ

អ្នកវិនិយោគ និងសង្គមស៊ីវិល រំពឹងទុកខ្ពស់ ពីកិច្ចសហប្រតិបត្តិការ កាន់តែល្អប្រសើរ រវាងកម្ពុជានិងចិន នៅឆ្នាំ២០២៥

មានប្រសាសន៍ប្រាប់ឲ្យដឹង អំឡុងកម្មវិធីអបអរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន នាពេលថ្មីៗនេះ អ្នកវិនិយោគ និងសង្គមស៊ីវិល នៅកម្ពុជា បានថ្លែងពីការរំពឹងទុកខ្ពស់ លើកិច្ចសហប្រតិបត្តិការ កាន់តែល្អប្រសើរ រវាងកម្ពុជានិងចិន នៅឆ្នាំ២០២៥ ដែលជាឆ្នាំថ្មីនេះ។

លោក លី ឃុនថៃ អនុប្រធានសម្ព័ន្ធខ្មែរចិននៅកម្ពុជា និងជាប្រធានសហព័ន្ធអ្នកវិនិយោគ នៅកម្ពុជា បានប្រាប់ថា ព្រោះតែមិត្តភាពដែកថែប និងការកសាងសហគមន៍ជោគវាសនារួម រវាងប្រទេសទាំងពីរ លោកជឿជាក់ថា សម្រាប់ឆ្នាំ២០២៥ ឆ្នាំថ្មីនេះ ភាគីចិននិងកម្ពុជាសម្លឹងឃើញសក្តានុពល កាន់តែខ្ពស់ លើកិច្ចសហប្រតិបត្តិការវិនិយោគ ជាពិសេស វិស័យឧស្សាហកម្ម ដោយលោកឃើញថា តាមរយៈវត្តមានអ្នកវិនិយោគចិន នៅកម្ពុជា ប៉ុន្មានឆ្នាំចុងក្រោយនេះ បាននាំឲ្យប្រទេសទាំងពីរ ពង្រឹងកិច្ចសហប្រតិបត្តិការ កាន់តែរឹងមាំខ្លាំងឡើង។

«កិច្ចសហប្រតិបត្តិការ រវាងកម្ពុជាងនិងចិន គឺល្អមែនទែន ដោយសក្តានុពលប្រទេសកម្ពុជាលើ វិស័យឧស្សាហកម្ម សម្បូរដោយអ្នកវិនិយោគ ពីប្រទេសចិន…នៅឆ្នាំ២០២៥ ចូលឆ្នាំចិនខាងមុខនេះ ខ្ញុំជឿជាក់ថា កិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងចិន តាំងពីមិត្តដែកថែបដោយជោគជ័យ និងសំខាន់មួយទៀត សហគមជោគវាសនាតែមួយ និងដោយមានកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងចិន …ការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ជាដើម បានធ្វើឲ្យផលិតផលកម្ពុជានាំចេញ ទៅប្រទេសចិន កាន់តែច្រើន និង ធ្វើឲ្យប្រជាជនកម្ពុជា មានការងារធ្វើទៀងទាត់ និង ប្រាក់ចំណូល នឹងនរ នេះហើយគឺក្រោមដំបូលសន្តិភាពរបស់កម្ពុជា»

រីឯ លោក បណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន វិញ បានប្រាប់នាពេលនោះផងដែរថា កិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងចិន កាន់តែត្រូវបានពង្រឹង ដោយសារតែបានផ្តល់ផលប្រយោជន៍ ឲ្យគ្នា ទៅវិញទៅមក។ លោកជឿជាក់ថា ឆ្នាំ២០២៥ នឹងមានភាពល្អប្រសើរថែមទៀត ជាពិសេស លើវិស័យទេសចរ ដោយសារតែមានការប្តេជ្ញាចិត្តខ្ពស់ ពីភាគីចិន។

«ជាបណ្តើរៗ ពីមួយឆ្នាំ ទៅមួយឆ្នាំ កិច្ចសហប្រតិបត្តិការរវាងកម្ពុជា កាន់តែកើនឡើង ជាលំដាប់ ព្រោះជាកិច្ចសហប្រតិបត្តិការផ្តល់ប្រយោជន៍ទៅវិញទៅមក រវាងប្រជាជននៃប្រទេសទាំងពីរ ហើយអំណរឆ្នាំថ្មីនេះ ឆ្នាំ២០២៥នេះ កាន់តែបង្ហាញឃើញច្បាស់ថែមទាំង នូវកិច្ចសហប្រតិបត្តិការ ដែលជាការលើកកម្ពស់ ខាងវិស័យ ទេសចរណ៍ និងវិនិយោគ នៅកម្ពុជា ដោយលោកទូតចិនធ្លាប់លើកឡើងថា នៅ២០២៥ ចិនប្តេជ្ញាបង្កើនបរិមាណទេសចរចិន កាន់តែចិន មកកាន់កម្ពុជា ផងដែរ»៕

To Top