ព័ត៌មានអន្តរជាតិ

អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Imran Khan ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារ ១៤ឆ្នាំ ចំណែកភរិយាលោកជាប់៧ឆ្នាំ

RT News

បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់ប្រទេស ប៉ាគីស្ថាន បានរាយការណ៍កាលពីថ្ងៃសុក្រថា អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Imran Khan និងភរិយាលោកស្រី Bushra Bibi ត្រូវបានកាត់ទោសក្នុងសំណុំរឿង ពុករលួយដីធ្លីដែលមានទំហំលុយ ២៣២ លានដុល្លារ ពាក់ព័ន្ធនឹងក្រុមហ៊ុន Al-Qadir Trust ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា យោងតាមសារព័ត៌មាន ​​ARY News and Dawn គឺ តុលាការប្រឆាំងអំពើពុករលួយ នៅភាគខាងជើងនៃទីក្រុង Rawalpindi បានកាត់ទោសលោក Khan ឱ្យជាប់ពន្ធនាគារ ១៤ ឆ្នាំ និង ភរិយាលោក គឺលោកស្រី Bibi ឱ្យជាប់គុក ៧ ឆ្នាំ ជាមួយនឹងសាលក្រមត្រូវបានប្រកាសនៅពន្ធនាគារ Adiala ។

លោក Khan និង លោកស្រី Bibi ក៏ត្រូវបានពិន័យជាប្រាក់ចំនួន ៣.៦០០ដុល្លារ និង ១.៨០០ដុល្លារ រៀងៗខ្លួនផងដែរ ជាមួយនឹងការខកខានមិនបាន អនុវត្តតាមការជាប់ពន្ធនាគារបន្ថែម។

សំណុំរឿងក្រុមហ៊ុន Al-Qadir Trust ផ្តោតលើការចោទប្រកាន់ថា លោក Khan និងលោកស្រី Bibi មានជាប់ពាក់ព័ន្ធក្នុងគម្រោងទទួលប្រយោជន៍ ដែលគេឃើញអ្នកនយោបាយ រូបនេះ និងប្រពន្ធរបស់លោកទទួលបាន ដីមានតម្លៃរាប់លានដុល្លារពីមហាសេដ្ឋីអចលនទ្រព្យ កំឡុងពេលបង្កើតសាកលវិទ្យាល័យ ដែលមានឈ្មោះជាថ្នូរនឹងការការពារផ្លូវច្បាប់។

អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថានលោក Imran Khan បានបដិសេធការចោទប្រកាន់នេះ ដោយហៅថា “មានហេតុផលនយោបាយ”។ នៅ​មុន​ពេល​ប្រកាស​សាលក្រម លោក Khan បាន​និយាយ​ថា ករណី​នេះ​ខ្វះ​ភស្តុតាង ហើយ​នឹង​ធ្វើឲ្យ​អាជ្ញាធរ​អាម៉ាស់។ លោក​បាន​និយាយថា “ការ​កាត់​ទោស​របស់​ខ្ញុំ​កំពុង​ត្រូវ​បាន​ ស្វែង​រក​ក្នុង​ករណី​ដែល​ខ្ញុំ​មិន​បាន​ទទួល​ផល ​ចំណេញ​ផ្ទាល់​ខ្លួន​មួយ​កាក់​មួយ​សេន​ ឬ​ក៏​រដ្ឋាភិបាល​មិន​បាន​ទទួល​រង​ការ​ខាត​បង់​ផ្នែក​ហិរញ្ញវត្ថុ​ មួយ​កាក់​មួយ​សេន​ទៀត​ដែរ”៕

ប្រែសម្រួលៈ ណៃ តុលា

To Top