ភ្នំពេញ ៖ ក្រសួងបរិស្ថាន បានព្រមានចាត់វិធានការ តាមច្បាប់ ចំពោះក្រុមហ៊ុនរោងចក្រ សហគ្រាស និងសិប្បកម្ម ដែលដុតកម្ទេចក្រណាត់ និងសំណល់ឧស្សាហកម្មគ្រប់ប្រភេទ ដោយមិនមានការលើកលែង ។
តាមរយៈសេចក្ដីជូនដំណឹងរបស់ ក្រសួងបរិស្ថាន បានជម្រាបជូនម្ចាស់ក្រុមហ៊ុនរោងចក្រ សហគ្រាស និងសិប្បកម្ម ថា ការយកសំណល់កម្ទេចក្រណាត់ និងសំណល់ស្បែកសត្វសល់ពីការផលិតស្បែកជើង កាបូប និងសម្ភារផ្សេងៗ ទៅដុតនៅក្នុងឡចំហាយ ឡកំដៅ ឡឥដ្ឋ ដែលមិនមានបំពាក់ប្រព័ន្ធសម្អាត និងកាត់បន្ថសារធាតុបំពុលខ្យល់ត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស បានបណ្តាលឱ្យមានការបញ្ចេញសារធាតុបំពុលចូលទៅក្នុងបរិយាកាស មិនអនុលោមទៅតាមស្តង់ដារកំណត់ដូចមានចែងនៅក្នុងអនុក្រឹត្យលេខ ៤២ អនក្រ. បក ស្ដីពីការត្រួតពិនិត្យការបំពុលខ្យល់ និងការរំខានដោយសំឡេង និងក្រមបរិស្ថាន និងធនធានធម្មជាតិ ដែលនាំឱ្យគុណភាពខ្យល់មានការប្រែប្រួល អាចបង្កផលប៉ះពាល់ដល់សុខភាពសាធារណៈ និងបរិស្ថាន។
ឆ្លើយតបទៅនឹងស្ថានភាពខាងលើនេះ ក្រសួងបរិស្ថាន សូមជូនដំណឹងដល់ក្រុមហ៊ុន រោងចកសហគ្រាស និងសិប្បកម្មទាំងអស់ត្រូវ ទី១- បញ្ឈប់ជាបន្ទាន់ការយកកម្ទេចក្រណាត់ និងសំណល់ឧស្សាហកម្មគ្រប់ប្រភេទ ទៅដុតក្នុងឡចំហាយ ឡកំដៅ ឬ ឡឥដ្ឋ ដែលមិនមានបំពាក់ប្រព័ន្ធសម្អាត និងកាត់បន្ថយសារធាតុបំពុលខ្យល់ ត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ។ ២-រៀបចំបំពាក់ប្រព័ន្ធសម្អាតផ្សែង ឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ដើម្បីធានាថា ការបញ្ចេញសារធាតុបំពុល ខ្យល់ឆ្លើយតបតាមស្តង់ដារបញ្ចេញ។
ក្នុងករណី ក្រសួងបរិស្ថាន រកឃើញថា មានការបន្តយកកម្ទេចក្រណាត់ និង សំណល់ឧស្សាហកម្មទៅដុត នៅក្នុងឡចំហាយ ឡកំដៅ ឡឥដ្ឋ ដែលមិនមានបំពាក់ប្រព័ន្ធសម្អាត និងកាត់បន្ថយសារធាតុបំពុលខ្យល់ត្រឹមត្រូវ តាមលក្ខណៈបច្ចេកទេស ក្រសួង នឹងមានវិធានការ តាមច្បាប់ជាធរមាន ចំពោះម្ចាស់ក្រុមហ៊ុន រោងចក្រ សហគ្រាស និងសិប្បកម្ម ដោយមិនមានការលើកលែង៕