សៀមរាប: ឧបនាយករដ្ឋមន្ត្រីលោក ហ៊ុន ម៉ានី និងជាប្រធានក្រុមប្រឹក្សាភិបាល មូលនិធិម៉ានី បានប្រសាសន៍ថា “ការចូលរួមរបស់បេក្ខជន ទាំងអស់មកពីគ្រប់មជ្ឈដ្ឋាន គឺជាការឆ្លុះបញ្ចាំង ឱ្យឃើញពីមនសិការស្រឡាញ់ និងថែរក្សាអក្សរសាស្ត្រខ្មែរ ដែលសកម្មភាពនេះ នឹងក្លាយជាចលនាជំរុញ ស្មារតីលើកតម្តើងវប្បធម៌ជាតិ របស់ប្រជាជនខ្មែរ”។
លោកឧបនាយករដ្ឋមន្ត្រី បន្ថែមថា ការរៀបចំកម្មវិធីសំណេរអង្គរលើកទី២ នៅស្ពានហាលអង្គរនៅព្រឹកថ្ងៃទី១៩ ខែមករានេះ បញ្ជាក់ឱ្យឃើញពី ការផ្សាភ្ជាប់គ្នា នូវអត្តសញ្ញាណជាតិគ្រប់ទម្រង់ ដែលជាកេរដំណែលមានតម្លៃមិនអាចកាត់ថ្លៃ ដែលបន្សល់ទុកពីបុព្វបុរសខ្មែរគ្រប់ជំនាន់។ មិនតែប៉ុណ្ណោះ កម្មវិធីនេះគឺជាវេទិកា ដ៏មានសារៈសំខាន់ ដែលបានចូលរួមចំណែកលើកតម្កើងវប្បធម៌ និងអត្តសញ្ញាណជាតិខែ្មរឱ្យកាន់តែមានតម្លៃ និងរស់រវើកក្នុងបរិបទ សកលភាវូបនីយកម្ម និងការរីកចម្រើន នៃបច្ចេកវិទ្យានូវបដិវត្តន៍ឧស្សាហកម្ម៤.០។
សូមបញ្ជាក់ថា ការប្រកួតសរសេរ តាមអានជាសាធារណៈ «សំណេងអង្គរ» លើកទី២ ត្រូវបានបង្កើតឡើង ដោយក្រុមអ្នកស្រឡាញ់អក្សរសាស្រ្តខ្មែរ និងចូលរួមគាំទ្រដោយក្រសួងពាក់ព័ន្ធនានា ដែលកម្មវិធីនេះរៀបចំឡើងដើម្បី លើកស្ទួយភាសាខ្មែរ តាមរយៈការសរសេរតាមអាន បង្កើនចំណេះដឹង និងបង្ហាញពលរដ្ឋពីសារ:សំខាន់នៃភាសាខ្មែរ កម្មវិធីនេះដែរក៏ ដើម្បីជួយជំរុញសក្ដានុពល ទេសចរណ៍ក្នុងស្រុកផងដែរ។
បើតាមគណៈកម្មការរៀបចំការប្រកួត ក្នុងចំណោមបេក្ខជន ១ ២២០អង្គ/នាក់ ។ បេក្ខជនចាស់ជាងគេអាយុ ៨១ឆ្នាំ និងបេក្ខជនក្មេងជាងគេអាយុ ៦ឆ្នាំ៕