បរទេស៖ ភ្ញៀវបរទេសពីរនាក់បានស្លាប់បន្ទាប់ពី ចូលរួមពិធីមហាស្រពតន្ត្រី ដ៏ល្បីល្បាញលើពិភពលោក នៅក្នុងខេត្តភូកេតភាគខាងត្បូង ប្រទេសថៃ កាលពីយប់ថ្ងៃសៅរ៍។
យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយកាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា ជនបរទេសទាំង២នាក់ ជាជនជាតិអាមេរិក និងជនជាតិកាណាដា បានទទួលមរណភាពក្នុងមហោស្រពតន្ត្រី Electric Daisy Carnival Thailand 2025 នៅភូមិ ចុងធាល ស្រុកថាឡាង កាលពីយប់ថ្ងៃសៅរ៍។
យោងតាមប៉ូលីស គឺ ជនជាតិកាណាដាឈ្មោះ Sharfaraz Maqbul Ahmed អាយុ ២៨ ឆ្នាំត្រូវបានបញ្ជូនទៅមន្ទីរពេទ្យថាឡាងនៅម៉ោង ៨៖៥០នាទី យប់ថ្ងៃសៅរ៍។ ពេលទៅដល់ទីនោះ គាត់បានសន្លប់ ប៉ុន្តែនៅតែមានជីពចរ។ បន្ទាប់មក បុគ្គលិកមន្ទីរពេទ្យបានព្យាយាមជួយសង្គ្រោះគាត់ ប៉ុន្តែមិនបានផលនោះទេ។ គាត់ត្រូវបានគេប្រកាសថាបានស្លាប់នៅម៉ោង ៩៖២៦នាទី យប់ថ្ងៃដដែល។
ទី២ ជនជាតិអាមេរិកាំង ឈ្មោះ ង្វៀន ក្វាងផាន អាយុ ៣២ឆ្នាំ ត្រូវបានដឹកចេញពីកន្លែងមហោស្រពតន្ត្រី ទៅកាន់មន្ទីរពេទ្យថាឡាង នៅម៉ោង ១១ និង៣៥នាទីយប់ថ្ងៃសៅរ៍។ ការប៉ុនប៉ងជួយសង្គ្រោះបានបរាជ័យ ហើយគាត់ត្រូវបានគេប្រកាសថាបានស្លាប់នៅម៉ោង ១២៖៣០នាទីព្រឹកឈានចូលថ្ងៃអាទិត្យ។
ប៉ូលិស និងបុគ្គលិកមន្ទីរពេទ្យថា ឡាងមិនអាចកំណត់ភ្លាមៗ ពីមូលហេតុនៃការស្លាប់នេះទេ។ សាកសពមិនទាន់ត្រូវបានគេពិនិត្យនៅមន្ទីរពេទ្យ Vachira Phuket នៅឡើយទេ ៕
ប្រែសម្រួលៈ ណៃ តុលា