ព័ត៌មានជាតិ

ក្រសួងការងារ ពង្រឹងវិធានការ អធិការកិច្ចការងារលើ សហគ្រាស គ្រឹះស្ថាន ដើម្បីធានាបាន នូវការអនុវត្តការ បើកផ្តល់ប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗ សម្រាប់កម្មករ និយោជិត ឱ្យបានត្រឹមត្រូវ

ភ្នំពេញ ៖ លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ បានលើកឡើងថា ការពង្រឹងការធ្វើអធិការកិច្ចការងារ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លើសហគ្រាស គ្រឹះស្ថានផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៥ គឺជាការធានានូវការគោរពសិទ្ធិការងារ លក្ខខណ្ឌការងារសមរម្យ ដោយគ្រប់ភាគីពាក់ព័ន្ធ ត្រូវគោរពឱ្យបានត្រឹមត្រូវ ស្របតាមច្បាប់ស្តីពីការងារ និងធានាបាននូវការអនុវត្តការបើកផ្តល់ប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗ សម្រាប់កម្មករនិយោជិត ជៀសវាងមានការតវ៉ា ឬវិវាទការងារកើតឡើង។

លោករដ្ឋលេខាធិការបានសង្កត់ធ្ងន់ថា អធិការការងារនឹងចាត់វិធានការ ផាកពិន័យរោងចក្រ សហគ្រាស គ្រឹះស្ថាន យ៉ាងតឹងរ៉ឹងតាមច្បាប់ជាធរមាន ប្រសិនបើអធិការការងាររកឃើញថា  សហគ្រាសគ្រឹះស្ថាននោះ អនុវត្តច្បាប់ស្តីពីការងារ មិនបានត្រឹមត្រូវ និង/ឬ គិតអត្ថប្រយោជន៍ ជូនកម្មករនិយោជិតមិនត្រឹមត្រូវ ឬក្នុងករណីមានការខកខានទូទាត់ ដែលនាំឱ្យមានវិវាទការងារកើតឡើង។

លោករដ្ឋលេខាធិការ បានគូសបញ្ជាក់ផងដែរថា ការពង្រឹងអធិការកិច្ចការងាររបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គឺដើម្បីសម្រេច បាននូវគោលដៅ របស់កម្ពុជា ដើម្បីប្រែក្លាយសហគ្រាសមួយ ជាសហគមន៍ សុខសាន្តមួយ ដែលជាទិសដៅការងារ យ៉ាងសំខាន់របស់ក្រសួង ក្នុងនាមជាសេនាធិការ របស់រាជរដ្ឋាភិបាលលើវិស័យការងារ ។ លោកសង្ឃឹមយ៉ាងមុតមាំថា ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថាន នឹងអនុវត្តឱ្យបានត្រឹមត្រូវរាល់បទប្បញ្ញតិនិងលិខិតបទដ្ឋានគតិយុត្តស្តីពីការងាររបស់កម្ពុជា ដើម្បីធានាអត្ថប្រយោជន៍ និងសិទ្ធិកម្មករនិយោជិត។

គួរបញ្ជាក់ថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ បានចេញសេចក្តីណែនាំ និងក្រើនរំលឹកដល់ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថានផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និង ផលិតផលធ្វើដំណើរនិងកាបូប ត្រូវអនុវត្តប្រាក់ឈ្នួល អប្បបរមាសម្រាប់ឆ្នាំ២០២៥ ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ តទៅ ដោយត្រូវទូទាត់ចំនួន ២ដង ក្នុង១ខែ។

ទន្ទឹមនឹងនេះ ម្ចាស់ឬនាយកសហគ្រាស គ្រឹះស្ថាន ត្រូវទូទាត់ប្រាក់បំណាច់អតីតភាពការងារចំនួន ២ដង ក្នុង១ឆ្នាំ រួមនិងប្រាក់អត្ថប្រយោជន៍ផ្សេងៗ ជូនកម្មករនិយោជិត ឱ្យបានត្រឹមត្រូវស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ។ ក្នុងករណីមានការខកខានទូទាត់ ឬគណនាដោយមិន បានត្រឹមត្រូវ ដែលនាំឱ្យមានវិវាទការងារកើតឡើង អធិការការងារនឹងចាត់វិធានការ ផាកពិន័យសហគ្រាស គ្រឹះស្ថាននោះ យ៉ាងតឹងរ៉ឹងតាមច្បាប់ជាធរមាន ។

ក្នុងករណីសង្ស័យថា ការគណនាប្រាក់ឈ្នួល ប្រាក់បំណាច់អតីតភាពការងារ និង/ឬអត្ថប្រយោជន៍ផ្សេងៗ អនុវត្តមិនបានត្រឹមត្រូវតាមច្បាប់ សូមបងប្អូនកម្មករនិយោជិត ឬសហជីពដែលជាតំណាងរបស់បងប្អូនកម្មករនិយោជិតជូនដំណឹងមកអធិការការងារ តាមរយៈប្រព័ន្ធទាន់ហេតុការណ៍លេខ ១២៩៧ ឬ ១២៨៦ ដើម្បីចាត់វិធានការតាមច្បាប់ជាធរមាន ចៀសវាងការយកជម្រើសតវ៉ាតាមរយៈការបិទផ្លូវសាធារណៈដែលនាំឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងអាចឈានដល់ការប្រព្រឹត្តល្មើសច្បាប់ជាយថាហេតុ៕

To Top