បរទេស៖យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ព័ត៌មានចេញពីកាសែតBloomberg បានរាយការណ៍កាលពីថ្ងៃចន្ទថាតួលេខឧស្សាហកម្មរូបិយប័ណ្ណគ្រីបតូបាននាំគ្នាស្តីបន្ទោសប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិកលោក Donald Trump និងភរិយារបស់គាត់លោកស្រី Melania បន្ទាប់ពីប្តីប្រពន្ធនេះបានបើកដំណើរការកាក់លុយគ្រីបតូផ្ទាល់ខ្លួនរបស់ពួកគេកាលពីចុងសប្តាហ៍ ដែលបង្ហាញថាមានភាពប្រែប្រួលខ្លាំង។
ពួកក្រុមអ្នកជំនាញនិងក្រុមនាយកប្រតិបត្តិនានាបានបង្ហាញនូវក្តីបារម្ភថាការដាក់បង្ហាញភ្លាមៗនិងថ្មីៗទាំងនេះនឹងអាចបំផ្លាញទំនុកចិត្តជាសកលនៅក្នុងវិស័យទ្រព្យសកម្មឌីជីថលដែលកំពុងមានភាពរីកចម្រើនមួយនេះ។
កាលពីថ្ងៃសុក្រ ប៉ុន្មានថ្ងៃមុនការចូលកាន់តំណែងរបស់លោក Trump បានបើកដំណើរការកាក់ $TRUMP របស់គាត់ដែលទីផ្សាររបស់លុយគ្រីបតូនេះបានកើនឡើងយ៉ាងខ្លាំងពី១០ដុល្លារទៅ៧២ដុល្លារក្នុងរយៈពេលប៉ុន្មានម៉ោងមុនពេលធ្លាក់ចុះដល់៦៤ដុល្លារ។
២ថ្ងៃក្រោយមកលោកស្រី Melania Trump បានណែនាំកាក់គ្រីបតូរបស់គាត់មួយផ្សេងទៀតដែលមានឈ្មោះថា $MELANIA ដែលទទួលបានតម្លៃទីផ្សារយ៉ាងឆាប់រហ័សដូចគ្នាប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយការប្រមូលផ្តុំលុយគ្រីបតូ$ MELANIA បាននាំឱ្យមានការធ្លាក់ចុះទៅដល់លុយគ្រីបតូ $ TRUMP ដោយតម្លៃបានធ្លាក់ចុះពីជាង៧៥ដុល្លារទៅ៤០ដុល្លារប៉ុណ្ណោះ។
រំលឹកដែរថាលោក Trump ធ្លាប់បានហៅរូបិយប័ណ្ណគ្រីបតូថាជា ការបោកប្រាស់ ប៉ុន្តែជាក់ស្តែងគាត់បានផ្លាស់ប្តូរជំហរនេះដោយប្តេជ្ញាប្រែក្លាយសហរដ្ឋអាមេរិកទៅជារដ្ឋធានីគ្រីបតូនៃភពផែនដីដំបូងគេឬ Crypto Capital of the Planet កាលពីឆ្នាំមុន៕
ប្រែសម្រួល៖ស៊ុនលី