បាងកក៖ ទិន្នន័យបានបង្ហាញឲ្យដឹងនៅថ្ងៃចន្ទនេះថា ទំនុកចិត្តនៃវិស័យឧស្សាហកម្មរបស់ប្រទេសថៃឡង់ដ៏បានធ្លាក់ចុះនៅក្នុងខែធ្នូ ឆ្នាំ២០២៤ ដោយបានវិភាគច្បាស់លាស់ពីការធ្លាក់ចុះនៃតម្រូវការក្នុងស្រុក និងការកើនឡើងនៃតម្លៃសម្ភារៈកសិកម្មដែលបណ្តាលមកពីគ្រោះទឹកជំនន់ ។
យោងតាមសហព័ន្ធឧស្សាហកម្មថៃ ហៅកាត់ថា (FTI) បានឱ្យដឹងថា សន្ទស្សន៍នៃវិស័យឧស្សាហកម្មថៃបានធ្លាក់ចុះដល់៩០,១កម្រិតកាលពីខែមុន ពីកម្រិតខ្ពស់រយៈពេល៨ខែនៃ៩១,៤កម្រិត នៅក្នុងខែវិច្ឆិកា ដោយសារសមាសធាតុទាំងអស់នៃសន្ទស្សន៍បានថយចុះ ។
ទាំងនេះគឺផ្អែកលើការស្ទង់មតិរបស់សហគ្រិនចំនួន១.៣៧២នាក់មកពីក្រុមហ៊ុនឧស្សាហកម្មចំនួន៤៦ស្ថិតក្រោម FTI ។
សហព័ន្ធ FTI បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយយ៉ាងដូច្នេះថា ការធ្លាក់ចុះនៃវិស័យផលិតកម្មឧស្សាហកម្ម បន្ទាប់ពីការបង្កើនល្បឿនផលិតកម្មនៅក្នុងខែវិច្ឆិកា ដោយសារចំនួនថ្ងៃធ្វើការតិចជាងមុន និងថ្ងៃឈប់សម្រាកចូលឆ្នាំជាបន្តបន្ទាប់ រួមជាមួយនឹងស្ថានភាពនៃគ្រោះទឹកជំនន់ដែលកំពុងបន្តកើតមាន និងលក្ខខណ្ឌអាកាសធាតុដែលមិនអាចស្មានដឹងទុកជាមុនបាននៅក្នុងតំបន់ភាគខាងត្បូងក៏បានរួមចំណែកដល់ការថយចុះនៃទំនុកចិត្តផងដែរ ។
ការព្យាករណ៍សន្ទស្សន៍សម្រាប់រយៈពេល៣ខែបន្ទាប់បានធ្លាក់ចុះដល់៩៥,៥កម្រិត នៅក្នុងខែធ្នូពី៩៦,៧កម្រិតនៃរយៈពេល១ខែមុននេះ ដោយសារសហគ្រិនមានការព្រួយបារម្ភលើការកើនឡើងជាមធ្យម២,៩ភាគរយនៃប្រាក់ឈ្នួលអប្បបរមា និងហានិភ័យនៃរបាំងពាណិជ្ជកម្មដែលអាចប៉ះពាល់ដល់វិស័យនាំចេញរបស់ប្រទេសថៃឡង់ដ៏ ។
ទោះបីជាយ៉ាងនេះក្តី ការជំរុញដល់សេដ្ឋកិច្ចរបស់រដ្ឋាភិបាល រួមទាំងវិធានការកាត់បន្ថយពន្ធ និងដំណាក់កាលទី២នៃកម្មវិធីផ្តល់សាច់ប្រាក់ដែលផ្តោតលើមនុស្សវ័យចំណាស់ ត្រូវបានគេរំពឹងថា នឹងជួយបង្កើនលទ្ធភាពក្នុងការទិញនៅក្នុងត្រីមាសទី១នៃឆ្នាំ២០២៥នេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា