ព័ត៌មានជាតិ

រដ្ឋបាលខេត្តពោធិ៍សាត់ បើកសន្និបាតប្រចាំ ២០២៤ និង លើកទិសដៅបន្តឆ្នាំ ២០២៥

ពោធិ៍សាត់÷រដ្ខបាលខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី ២១ ខែ មករា ឆ្នាំ ២០២៥ បានរៀបចំបើកសន្និបាតបូកសរុប លទ្ធផលការងារប្រចាំឆ្នាំ ២០២៤ និង លើកទិសដៅការងារអនុវត្តបន្តឆ្នាំ ២០២៥ ក្រោមអធិបតីភាពលោក ខូយ រីដា អភិបាលខេត្ត និង ជាប្រធានគណៈបញ្ជាការ ឯកភាពរដ្ឋបាលខេត្ត និង លោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត ។

នៅក្នុងពិធីបើកសន្និបាតនេះដែរ ក៏មានការអញ្ជើញចូលរួមពី លោក/លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរង នៃ គណៈអភិបាលខេត្ត តំណាងអយ្យការអមសាលាដំបូងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងសមត្ថកិច្ច មន្ត្រីរាជការ ក្រុមប្រឹក្សា គណៈអភិបាលក្រុង /ស្រុក ក្រុមប្រឹក្សាឃុំ/ សង្កាត់ ព្រមទាំងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត។

សូមបញ្ជាក់ថា អង្គសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តបន្តសម្រាប់ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តពោធិ៍សាត់ ត្រូវបានធ្វើឡើងនៅសាលប្រជុំថ្មីសាលាខេត្ត ដែលប្រព្រឹត្តទៅរយៈពេល ២ ថ្ងៃ ចំពោះពិធីបិទសន្និបាត នឹងត្រូវធ្វើឡើងក្រោមអធិបតីភាព លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តពោធិ៍សាត់។

នៅក្នុងអង្គសន្និបាតនេះ ក៏មានការបែងចែកក្រុមពិភាក្សា ចំនួន ៤ ក្រុម និងបទបង្ហាញអំពីលទ្ធផល នៃការពិភាក្សារបស់តំណាងក្រុមនីមួយៗ ជូនអង្គសន្និបាត ព្រមទាំងមានកម្មវិធីសំណួរ-ចំលើយ ដែលផ្តោតសំខាន់ លើការងារអនុវត្តកន្លងមក ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ បញ្ហាប្រឈម និងដំណោះស្រាយនានា ដែលត្រូវអនុវត្តបន្ត៕

To Top