ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម មានផែនការសាងសង់ សារមន្ទីរវប្បធម៌ ដើម្បីរក្សាទុកវត្ថុបុរាណ និងបម្រើដល់វិស័យទេសចរណ៍

កំពង់ចាម ៖ ក្នុងកិច្ចប្រជុំជាមួយគណៈកម្មការទី ៧ នៃរដ្ឋសភា នៅសាលប្រជុំសាលាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២៥ នេះ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានលើកឡើងថា រដ្ឋបាលខេត្តមានផែនការសាងសង់សារមន្ទីរវប្បធម៌ប្រវត្តិសាស្រ្តមួយកន្លែង ដើម្បីរក្សាទុកវត្ថុបុរាណ និងបម្រើដល់វិស័យទេសចរណ៍ សម្រាប់ភ្ញៀវជាតិ និងអន្តរជាតិចូលទស្សនាផងដែរ ។

លោកអភិបាលខេត្ត បានលើកឡើងថា ដោយសារកន្លងទៅ ក្នុងខេត្តកំពង់ចាម បានរកឃើញវត្ថុបុរាណច្រើន ដូច្នេះដើម្បីឲ្យមានកន្លែង ទុកដាក់វត្ថុបុរាណទាំងនោះឲ្យបានសមរម្យ នៅក្នុងឆ្នាំ ២០២៥ នេះ រដ្ឋបាលខេត្តមានផែនការ សាងសង់សារមន្ទីរវប្បធម៌ប្រវត្តិសាស្ត្រមួយកន្លែង ដើម្បីប្រមូលវត្ថុបុរាណដែលនៅរាយប៉ាយទាំងអស់នោះ យកមករក្សាទុក និងបម្រើដល់វិស័យទេសចរណ៍ ក្នុងខេត្តផងដែរ ពោលគឺ នឹកពេលភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ចូលមកទស្សនកិច្ចនៅខេត្តកំពង់ចាម ពួកគាត់អាចចូលទៅទស្សនា វត្ថុបុរាណនៅក្នុងសារមន្ទីរ ដើម្បីផ្សព្វផ្សាយអំពីវប្បធម៌ប្រវត្តិសាស្ត្រ នៅក្នុងខេត្តកំពង់ចាមផងដែរ ។

លោកអភិបាលខេត្ត បានលើកឡើងទៀតថា កន្លងមកក៏ដូចជាបច្ចុប្បន្ន មានភ្ញៀវទេសចរណ៍បរទេស បានចូលមកទស្សនកិច្ចក្នុងខេត្តកំពង់ចាម ជាពិសេសតាមផ្លូវទឹក មានកប៉ាល់ទេសចរណ៍ធំៗ ចតនៅមាត់ទន្លេក្នុងក្រុងកំពង់ចាម ទើបមានរថយន្តមកទទួល ដឹកទៅទស្សនកិច្ច តាមបណ្ដារមណីយដ្ឋានផ្សេងៗ ។ ដូច្នេះប្រសិនបើមានភ្ជាប់ជាមួយសារមន្ទីរផ្សព្វផ្សាយវត្ថុបុរាណប្រវត្តិសាស្រ្តមួយកន្លែងទៀត នោះកាន់តែប្រសើរ ។

សូមបញ្ជាក់ថាកិច្ចប្រជុំខាងលើនេះ គណៈកម្មការទី៧នៃរដ្ឋសភា ដឹកនាំដោយ លោក ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧នៃរដ្ឋសភា សំណេះសំណាលជាមួយ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត និងសហការី ក្នុងគោលបំណងឈ្វេងយល់ពីសភាពការណ៍ទូទៅរបស់ខេត្ត របាយការណ៍វឌ្ឍនភាពការងារ បញ្ហាប្រឈម និងទិសដៅការងារពាក់ព័ន្ធ នឹងវិស័យទាំងបួន ដែលគណៈកម្មការទទួលខុសត្រូវ។

To Top