ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អញ្ជើញចូលរួមកិច្ចប្រជុំ ប្រចាំឆ្នាំ២០២៥ នៃវេទិកាសេដ្ឋកិច្ច ពិភពលោក នៅទីក្រុងដាវ៉ូស

ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ២០២៥ នៃវេទិកាសេដ្ឋកិច្ចពិភពលោក នៅទីក្រុងដាវ៉ូស ប្រទេសស្វីស។

នាឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល មានជំនួបដូចជា៖ ជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម កៅ គឹមហួន អគ្គលេខាធិការអាស៊ាន, ជំនួបពិភាក្សាការងារ ជាមួយ ឯកឧត្តម Maris Sangiampongsa រដ្ឋមន្ត្រីក្រសួង ការបរទេស នៃព្រះរាជាណាចក្រថៃ, ជំនួបពិភាក្សាការងារជាមួយ លោក Tony Fernandes នាយកប្រតិបត្តិ ក្រុមហ៊ុន Air Asia, ជំនួបពិភាក្សាការងារជាមួយលោក Tan Yinglan ដៃគូគ្រប់គ្រងបង្កើត ក្រុមហ៊ុន Insignia Ventures Partners ជុំវិញសក្តានុពលនៃការវិនិយោគនៅកម្ពុជា, ជំនួបពិភាក្សាការងារជាមួយលោក Ricardo Hausmann សាស្រ្តាចារ្យផ្នែកសេដ្ឋកិច្ច នៃសាលា Harvard Kennedy ពាក់ព័ន្ធនឹងគម្រោងអញ្ជើញមកទស្សនកិច្ចនៅកម្ពុជា ដើម្បីសហការជាមួយ CAPRED និង ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លើកិច្ចការពិពិធកម្មការវិនិយោគដោយផ្ទាល់ពីបរទេស។

ក្នុងកិច្ចប្រជុំប្រចាំឆ្នាំ២០២៥នេះ វេទិកាសេដ្ឋកិច្ចពិភពលោក នឹងពិភាក្សាលើប្រធានបទ កិច្ចសហការសម្រាប់ យុគសម័យឆ្លាតវៃ “Collaboration for the Intelligent Age” ដែលមានការចូលរួមពីថ្នាក់ដឹកនាំប្រមាណ ៣០០០នាក់ ពីជាង ១៣០ប្រទេសនៅទូទាំងពិភពលោក។

សូមបញ្ជាក់ថា វេទិកាសេដ្ឋកិច្ចពិភពលលោក ដែលរៀបចំឡើង ក្នុងឆ្នាំ២០២៥ នេះ នឹងជួយជំរុញភាពជាដៃគូ និងការយល់ដឹងថ្មីៗ ដើម្បីអាចរៀបចំផែនការ ទៅថ្ងៃអនាគតបានប្រកប ដោយនិរន្តរភាព និងបរិយាប័ន្ន នៅក្នុងយុគសម័យ ដែលបច្ចេកវិទ្យាមានភាព ជឿនលឿន យ៉ាងឆាប់រហ័ស ដោយផ្តោតលើផ្នែកសំខាន់ៗចំនួន ០៥ រួមមាន ៖ (១) ការប្រមើមើលឡើងវិញ នូវកំណើន (Reimagining Growth), (២) ឧស្សាហកម្មក្នុងយុគសម័យឆ្លាតវៃ (Industries in the Intelligent Age), (៣) ការវិនិយោគលើមូលធនមនុស្ស (Investing in People), (៤) ការការពារភពផែនដី (Safeguarding the Planet), និង (៥) ការកសាងទំនុកចិត្តឡើងវិញ (Rebuilding Trust )៕

To Top