ព័ត៌មានជាតិ

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ស្វាមគមន៍ ចំពោះចំណាប់អារម្មណ៍ របស់ក្រុមប្រឹក្សាធុរកិច្ចស្ដ្រីហ្វីលីពីន លើវិនិយោគ និងពាណិជ្ជកម្ម នៅកម្ពុជា

ភ្នំពេញ ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានស្វាមគមន៍ ចំពោះចំណាប់អារម្មណ៍ របស់ក្រុមប្រឹក្សាធុរកិច្ចស្ដ្រីហ្វីលីពីន ក្នុងការស្វែងរកឱកាសវិនិយោគ និងពាណិជ្ជកម្ម នៅប្រទេសកម្ពុជា។

ការស្វាមគមន៍របស់ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាឱកាសអនុញ្ញាតលោកស្រី Rosemarie P. Rafael ប្រធានក្រុមប្រឹក្សាធុរកិច្ចស្ត្រីហ្វីលីពីន និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព នាថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥។

ក្នុងឱកាសនៃជំនួប លោកស្រី Rosemarie P. Rafael បានគោរពជម្រាបជូន សម្ដេចបវរធិបតី អំពីសមាសភាពគណៈប្រតិភូ នៃដំណើរទស្សនកិច្ចមកកម្ពុជា នាពេលនេះ ដែលមានថ្នាក់ដឹកនាំស្ត្រី និងជាធុរជនហ្វីលីពីន ចំនួន៣៥រូប ជាសមាជិកនៃក្រុមប្រឹក្សាធុរកិច្ចស្ត្រីហ្វីលីពីនដែលកំពុងមានប្រតិបត្តិការអាជីវកម្មក្នុងវិស័យជាច្រើន។

ជាមួយគ្នានោះ លោកស្រី ប្រធានក្រុមប្រឹក្សា បានគោរព ជម្រាបជូន សម្ដេចបវរធិបតី ថា គណៈប្រតិភូនឹងចូលរួម វេទិកាធុរកិច្ច ដែលសហការរៀបចំឡើងដោយក្រុមប្រឹក្សា ធុរកិច្ចស្ត្រីហ្វីលីពីននិងក្រសួងពាណិជ្ជកម្មកម្ពុជា។

ក្នុងឱកាសនោះដែរ, គណៈប្រតិភូ បានបង្ហាញចំណាប់អារម្មណ៍វិនិយោគលើវិស័យសំខាន់ៗជាច្រើននៅកម្ពុជា ក្នុងនោះរួមមាន៖ វិស័យកសិកម្ម (ឧស្សាហកម្មស្រូវអង្ករ), អាកាសចរណ៍, ទេសចរណ៍, យានយន្ត, អប់រំ, សុខាភិបាល, ដឹកជញ្ជូន និងឡូជីស្ទីក, អាជីវកម្មលក់រាយ និង កម្មន្ដសាល ព្រមទាំងបានបង្ហាញបំណង ស្វែងរកកិច្ចសហការ ជាមួយសហគ្រិនជាស្ត្រីនៅកម្ពុជា ពាក់ព័ន្ធនឹងការពង្រឹងជំនាញវិជ្ជាជីវៈ, ការផ្លាស់ប្ដូរបទពិសោធន៍ និងឧត្តមានុវត្តន៍ល្អៗ ការកសាងសមត្ថភាពជាដើម។

ជាការឆ្លើយតប, សម្ដេចបវរធិបតី បានវាយតម្លៃខ្ពស់ ចំពោះសកម្មភាពការងារ និងការជួយលើកកម្ពស់តួនាទី ស្ត្រីក្នុងវិស័យធុរកិច្ចរបស់ក្រុមប្រឹក្សា ព្រមទាំង បានស្វាមគមន៍ចំពោះចំណាប់អារម្មណ៍ របស់ក្រុមប្រឹក្សាធុរកិច្ចក្នុងការស្វែកឱកាសវិនិយោគ និងពាណិជ្ជកម្ម នៅកម្ពុជា និងបង្ហាញនូវក្ដីសោមនស្សរីករាយ ចំពោះការរៀបចំវេទិកាធុរកិច្ចនៅកម្ពុជានាពេលនេះ ក៏ដូចជាការរៀបចំវេទិកា ធុរកិច្ចនៅហ្វីលីពីន នាពេលខាងមុខ ហើយ សម្ដេចបានគូសបញ្ជាក់ថា «វេទិកាធុរកិច្ចទាំងនេះនឹងជួយ តភ្ជាប់ទំនាក់ទំនងរវាងធុរជន ឬវិនិយោគិននៃប្រទេសទាំងពីរ និងជួយបង្កើត កាលានុវត្តភាពបន្ថែម សម្រាប់ការវិនិយោគជាដើម»។

សម្ដេចបវរធិបតី បានបន្ថែមទៀតថា រាជរដ្ឋាភិបាលកម្ពុជាតែងតែយកចិត្តទុកដាក់ចំពោះភាពជោគជ័យរបស់វិស័យឯកជន តាមរយៈការដាក់ចេញគោលនយោបាយគាំទ្រ និងវិធានការលើកទឹកចិត្តនានាសម្រាប់ការវិនិយោគ និងការធ្វើធុរកិច្ចនៅក្នុងកម្ពុជា។

បន្ថែមលើសនេះ, សម្ដេចបវរធិបតីលើកឡើងថា នៅកម្ពុជា តួនាទីរបស់ស្ត្រីក្នុងវិស័យធុរកិច្ចក៏បាន និង កំពុងវិវត្តរីកចម្រើនគួរ ឱ្យកត់សម្គាល់ ហើយការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចអាចរីកលូតលាស់ទៅបាន លុះត្រាតែមានការចូលរួមពីពហុវិស័យ ដើម្បីធានា និងជំរុញសន្ទុះនៃកំណើនសេដ្ឋកិច្ចជាតិ៕

To Top