ព័ត៌មានជាតិ

លោក មាន ចាន់យ៉ាដា ដឹកនាំមន្រ្តីនិងក្រុមគ្រួសារ ស.ស.យ.ក. ខេត្តឧត្តរមានជ័យ ជាង១០០នាក់ ចូលរួមបរិច្ចាគឈាម នៅក្នុងមន្ទីរពេទ្យបង្អែក

ភ្នំពេញ៖ លោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្ដរមានជ័យ បានដឹកនាំមន្ត្រីរាជការជុំវិញខេត្ត និងបងប្អូនសមាជិក-សមាជិកាក្រុមគ្រួសារ ស.ស.យ.ក. ខេត្តឧត្តរមានជ័យ សរុបប្រមាណជា ១៧០នាក់ បានរួមគ្នាបរិច្ចាគឈាម ដើម្បីជួយសង្គ្រោះជីវិត និងចែកអំណោយ របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដល់អ្នកជំងឺក្រីក្រ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យ។

លោក មាន ចាន់យ៉ាដា បានលើកឡើងថា ការបរិច្ចាគឈាម គឺជាសកម្មភាពមនុស្សធម៌ និងជាការចែករំលែកនូវក្តីស្រលាញ់ដ៏ធំធេង សម្រាប់ជនរងគ្រោះ ដែលមានតម្រូវការឈាមពិតប្រាកដ។

លោកបន្ថែមថា សកម្មភាពបរិច្ចាគឈាម នឹងបង្កើតបាននូវទម្លាប់ និងវប្បធម៌ នៃការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត និងជំរុញការលើកកម្ពស់ប្រជាជនទូទៅ ចូលរួមធ្វើសកម្មភាព ជាមួយនឹងសេវាកម្មជាតិផ្តល់ឈាម នៅទូទាំងប្រទេស ដើម្បីធានាឱ្យបាន នូវការផ្តល់ជូនឈាម គ្រប់គ្រាន់សម្រាប់អ្នកជំងឺ ដែលកំពុងត្រូវការឈាម និងគ្រប់មន្ទីរពេទ្យទាំងអស់ ដោយមិនមានការរើសអើងជាតិសាសន៍ សាសនា ឬនិន្នាការនយោបាយ ៕

To Top