អ៊ីស្តង់ប៊ុល ៖ អគ្គីភ័យដ៏ធំមួយបានសម្លាប់ មនុស្សយ៉ាងតិចចំនួន៧៦នាក់កាលពីថ្ងៃអង្គារ ខណៈភ្លើងបានឆេះសណ្ឋាគារ ទាំងស្រុង នៅឯរមណីយដ្ឋានជិះស្គីដ៏ពេញ និយមមួយ កន្លែងនៅភាគខាងជើង នៃប្រទេសតួកគី ដែលពោរពេញទៅដោយមនុស្ស កំពុងសប្បាយរីករាយក្នុងថ្ងៃឈប់ សម្រាកនារដូវរងា រួមទាំងក្រុមគ្រួសារផងដែរ ។
អគ្គីភ័យនៅសណ្ឋាគារ Grand Kartal ក្នុងទីក្រុង Kartalkaya បានកើតឡើងនៅវេលាម៉ោង៣និង៣០នាទីព្រឹក ត្រូវនឹងម៉ោង០០និង៣០នាទីម៉ោងសកល ដោយបានបញ្ជូនផ្សែងខ្មៅក្រាស់ចូលទៅក្នុងខ្យល់នាពេលយប់ និងបង្កឱ្យមានការភ្ញាក់ផ្អើលនៅក្នុងចំណោមភ្ញៀវដែលចូលរួមក្នុងកម្មវិធី ។
លោក Ali Yerlikaya រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងកាលពីយប់ថ្ងៃអង្គារថា “ជាអកុសលចំនួនអ្នកស្លាប់ឥឡូវនេះមានចំនួន៧៦នាក់” ។
លោកបានថ្លែងទៀតថា រហូតមកដល់ពេលនេះ ជនរងគ្រោះចំនួន៥២នាក់ត្រូវបានកំណត់អត្តសញ្ញាណដោយក្រុមជំនាញកោសល្យវិច្ច័យដែលបាន ធ្វើការដើម្បីកំណត់អត្តសញ្ញាណអ្នកផ្សេងទៀត។
លោកបានថ្លែងថា សាកសពជនរងគ្រោះភាគច្រើន ត្រូវបានប្រគល់ជូនក្រុមគ្រួសារវិញហើយ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា