ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបង្ហាញចំណាប់អារម្មណ៍ខ្ពស់ ព្រមទាំងបានកោតសរសើរ ចំពោះការតាក់តែង សេចក្តីព្រាងអនុក្រឹត្យនេះឡើង ដោយគិតគូរយ៉ាងច្បាស់លាស់ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល គឺផ្តោតលើការកែទម្រង់ ការពង្រឹងអភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័នរដ្ឋ ឱ្យក្លាយជារដ្ឋបាល សាធារណៈទំនើបប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ ជាប្រទេសនីតិរដ្ឋ ។
លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានលើកឡើងបែបនេះ ក្នុងកិច្ចប្រជុំឆ្លងសេចក្តីព្រាងអនុក្រឹត្យ ស្តីពីអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងសេចក្តីព្រាង អនុក្រឹត្យ ស្តីពីសមត្ថកិច្ចនៃមន្ត្រីអត្រានុកូលដ្ឋាន នាថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ នៅសាលប្រជុំទីស្តីការក្រសួងមហាផ្ទៃ។
ផ្អែកតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម សេចក្តីព្រាងអនុក្រឹត្យ ស្តីពីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ មាន៦ជំពូក និង១៤មាត្រា និងមានគោលបំណង ដើម្បីកំណត់ពីទម្រង់ និងព័ត៌មាន ដែលមាននៅក្នុងបញ្ជីអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងទម្រង់លក្ខណៈសម្គាល់ព័ត៌មាន ការកំណត់សុពលភាព និងការកំណត់អាយុត្រូវផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដើម្បីធានាការចុះបញ្ជីអត្តសញ្ញាប័ណ្ណសញ្ជាតិខ្មែរ ឱ្យបានត្រឹមត្រូវ។
ដោយឡែក សេចក្តីព្រាងអនុក្រឹត្យស្តីពីសមត្ថកិច្ចនៃមន្ត្រីអត្រានុកូលដ្ឋាន មាន៨ជំពូក និង១៦មាត្រា មានគោលបំណង កំណត់អំពីសមត្ថកិច្ច និងតួនាទីភារកិច្ចរបស់មន្ត្រីអត្រានុកូលដ្ឋាន ក្នុងគោលបំណង លើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តការងារអត្រានុកូលដ្ឋាន ស្របតាមច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម។
លោកឧបនាយករដ្ឋមន្ត្រី ស សុខា ក៏បានសាទរ ក្រោយពីទទួលបាននូវធាតុ ចូលជាច្រើន បន្ទាប់ពីមានការវែកញែក ទៅលើចំណុចមួយចំនួន ដើម្បីកែសម្រួល ឱ្យបានស៊ីជម្រៅ ប្រកបដោយអត្ថន័យងាយយល់ បញ្ចូលទៅក្នុងសេចក្តីព្រាង នៃអនុក្រឹត្យទាំងពីរបន្ថែមទៀត មុននឹងឈានចូលទៅ ដល់ការសម្រេច និងដាក់គោរពជូនសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ពិនិត្យ និងដឹកនាំការសម្រេច៕