ភ្នំពេញ៖ លោក សុ សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានធ្វើការណែនាំ ដល់អាជ្ញាធររាជធានីភ្នំពេញ ត្រូវផ្តោតយកចិត្តទុកដាក់ ទប់ស្កាត់ការបង្កគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឱ្យមានការបាត់បង់នូវអាយុជីវិតប្រជាពលរដ្ឋ ខណៈគ្រោះថ្នាក់ចរាចរណ៍នាពេលបច្ចុប្បន្ន កាន់តែសាហាវជាងមុន និងឱ្យផ្តោតយកចិត្តទុកដាក់ កិច្ចការៀបចំសណ្តាប់ធ្នាប់សាធារណៈ តាមដងផ្លូវ ជាពិសេសលើចិញ្ចើមផ្លូវគ្រប់ខណ្ឌទាំង១៤ ។
ថ្លែងក្នុងឱកាសអញ្ជើញ បិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលរាជធានីភ្នំពេញ នាថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ នៅសណ្ឋាគារសុខាភ្នំពេញ លោក ស សុខា បានគូសបញ្ជាក់ថា បច្ចុប្បន្ននេះ ករណីគ្រោះថ្នាក់ចរាចរណ៍ បានបន្តកើតឡើងជារៀងរាល់ថ្ងៃ និងបានសម្លាប់អាយុជីវិតប្រជាពលរដ្ឋគួរឱ្យកត់សម្គាល់ បើប្រៀបធៀបនឹងឆ្នាំ២០២៤ ។
លោក ស សុខា មានប្រសាសន៍ថា “ចំនួនអ្នកស្លាប់ប្រចាំថ្ងៃ រៀងរាល់ថ្ងៃនេះ មានការកើនឡើង គួរឱ្យកត់សម្គាល់ បើប្រៀបធៀបនឹងឆ្នាំ២០២៤ ដូច្នេះការកាត់បន្ថយ៥០% ចំនួនលើ១៩៥២នាក់ ក្នុងឆ្នាំ២០២៤នេះ ខ្ញុំគិតថា នឹងពិបាក ហើយគ្រោះថ្នាក់ចរាចរណ៍ទៀតសោត យើងឃើញថា កាន់តែសាហាវជាងមុន បុកបន្តិចបន្តួចស្លាប់ម្តងម្នាក់ ២នាក់យ៉ាងតិច”។
ក្នុងនោះលោក ស សុខា ក៏បានគូសបញ្ជាក់ជាមួយគ្រោះថ្នាក់ចរាចរណ៍ ដែលកើតមានឡើងថ្មីៗនេះ លើផ្លូវ៦០ម៉ែត្រ ដែលមានទៅដល់ ២ ទៅ៣ករណី ហើយបង្កឱ្យមានអ្នករបួស និងអ្នកបាត់បង់ជីវិតថែមទៀត ដោយលោក ស សុខា បានណេនាំ ឱ្យមានការសហការពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីពិនិត្យទៅលើមធ្យោបាយធ្វើដំណើរ គ្រប់ប្រភេទឡើងវិញ ជាពិសេសគ្រប់គ្រងឱ្យបានពេលវេលាចេញចូល របស់រថយន្តធន់ធ្ងន់ ដូចជារថន្តក្រឡុកស៊ីម៉ង់ត៍ជាដើម ខណៈដែលលោក ស សុខា យល់ឃើញថា នៅមិនទាន់ល្អប្រសើរទៅលើបញ្ហានេះ ។
ការស្លាប់បាត់បង់អាយុជីវិតប្រជាពលរដ្ឋ ដែលបង្ករឡើងដោយគ្រោះថ្នាក់ចរាចរណ៍ទៀតសោត លោក ស សុខា ចាត់ទុកថា ជាការបំផ្លិតបំផ្លាញនូវធនធានមនុស្ស ដែលផ្ទុយពីអ្វីដែលរាជរដ្ឋាភិបាល និងអាជ្ញាធរ ព្រមទាំងប្រជាពលរដ្ឋចង់បានផងដែរ ។
ជាមួយគ្នានោះ លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក៏បានគាំទ្រដល់ការប្តេជ្ញាចិត្ត របស់ លោក ឃួង ស្រេង គឺការរៀបចំសណ្តាប់ធ្នាប់ នៅតាមបណ្តាខណ្ឌទាំង១៤ ដែលលោកចាត់ទុកកិច្ចការងារនេះ ជាកិច្ចការសំខាន់ ។
លោក ស សុខា មានប្រសាសន៍ថា “ប្រទេសមួយដែលមានសណ្តាប់ធ្នាប់ គឺគេឱ្យតម្លៃមុនគេរួចទៅហើយ ចឹងហើយយើងឃើញថា ដោយសារតែជីវភាព ដោយសារតែក្រពះ ចិញ្ចើមថ្នល់ ឬមួយផ្លូវមួយចំនួន ត្រូវបានរំលោភ ។ ចឹងខ្ញុំសូមឱ្យយើង អង្គុយមើលទាំអស់គ្នា តាមបណ្តាខណ្ឌនីមួយៗ ហើយលើកគម្រោងនេះ ជារួម ហើយសូមឱ្យមានការពិភាក្សាជាមួយ ឯកឧត្តម អភិបាលរង ខេត្តទទួលបន្ទុកទៅលើបញ្ហានេះ ដើម្បីយើងចូលរួមដាក់ថ្នាំ ឱ្យត្រូវទាំងអស់គ្នា ព្រោះយន្តការនេះ បើយើងអត់ធ្វើទេ ២០៣០ទៅមុខទៀត ធ្វើលែងចេញហើយ ជាពិសេសនៅភ្នំពេញ រកតែកន្លែងផ្លូវដើរ ក៏ដើរលែងកើតដែរ មានតែដើរលើខ្នល់” ។
ក្នុងនោះលោក ស សុខា ក៏មានបានទទូចឱ្យមានការ សហការពីគ្រប់ភាគី គ្រប់ផ្នែកពាក់ព័ន្ធទាំងអស់រួមគ្នា ក្នុងការរៀបចំសណ្តាប់ធ្នាប់ សាធារណៈឱ្យបានកាន់តែល្អប្រសើរផងដែរ ។ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី មានប្រសាសន៍ថា “ប៉ុន្តែខ្ញុំសូមរឿង២នេះ គឺរឿងសំខាន់ ទី១គ្រោះថ្នាក់ចរាចរណ៍ ទី២សណ្តាប់ធ្នាប់នៅតាមមូលដ្ឋានខណ្ឌទាំង១៤របស់ខ្លួន” ។
ដោយឡែកក្នុងសន្និបាតនេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា អង្គសន្និបាតបានពិនិត្យឃើញថា បញ្ហាប្រឈមសំខាន់ លើប្រធានបទ គឺពាក់ព័ន្ធនឹងកត្តាមនុស្ស និងផល់ប្រយោជន៍ឯកជន ដូច្នេះប្រធានការចំពោះមុខ ដែលត្រូវរួមគ្នាអនុវត្ត គឺបន្តខិតខំផ្សព្វផ្សយ និងរឹតបណ្តឹងការអនុវត្តច្បាប់ ស្តីពីចរាចរណ៍ជើងគោក លើកទឹកចិត្តឱ្យមានការរៀបចំចំណតសាធារណៈ បន្តខិតខំអនុវត្តហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងត្រូវបន្តយកចិត្តទុកដាក់អនុវត្តនូវវិធានការ ចំនួន៣ទន្ទឹមគ្នាចំនួន៣ គឺសណ្តាប់ធ្នាប់ចិញ្ចើមផ្លូវ សណ្តាប់ធ្នាប់សំណង់ និងសណ្តាប់ធ្នាប់អ្នកលក់ដូរ ។
លោកអភិបាល បានគូសបញ្ជាក់ដែរថា ចំពោះមុខទោះបីកិច្ចការងារនេះ មានភាពស្មុគស្មាញ់ និងត្រូវប្រឈមមុខ នឹងផលប្រយោជន៍ឯកជនរបស់ម្ចាស់លំនៅឋាន ម្ចាស់អាជីវកម្ម អង្គភាព និងវិស័យឯកជនមួយចំនួនក្តី ប៉ុន្តែជាច្ឆន្ទៈ និងជាជំហរដឹកនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ចាំបាច់ត្រូវតែអនុវត្តកិច្ចការងារនេះ ដោយឥតរាថយ និងជាប្រចាំ ។
ក្នុងនោះ លោក ឃួង ស្រេង មានប្រសាសន៍ថា “យើងចាំបាច់ត្រូវតែអនុវត្តការងារនេះ ដោយឥតរាថយ និងជាប្រចាំ ដើម្បីកែប្រែទម្លាប់ និងឥរិយាបទ របស់ប្រជាពលរដ្ឋមួយចំនួន ឱ្យបានយល់ដឹងអំពីព្រំដែន នៃសិទ្ធិ និងជាប្រយោជន៍ប្រយោជន៍សាធារណៈ ហើយងៀកមករករួម ជាមួយនឹងអាជ្ញាធរ ជៀសវាង ការទម្លាក់ការទទួលខុសត្រូវទាំងស្រុង ទៅលើអាជ្ញាធរ៕