ព័ត៌មានជាតិ

UNDP ប្តេជ្ញាគាំទ្រដល់ វិស័យសកម្មភាពមីន នៅកម្ពុជា

រូបភាព៖ ទេសរដ្ឋមន្ត្រី លី ធុជ

ភ្នំពេញ៖ លោកស្រី Alissar Chaker តំណាងអង្គការ UNDP ប្រចាំកម្ពុជា បានវាយតម្លៃខ្ពស់ ចំពោះភាពជោគជ័យ នៃលទ្ធផលសម្រេចបាន ក្នុងការអនុវត្តផែនការ យុទ្ធសាស្រ្តជាតិ សកម្មភាពមីន (NMAS) ២០១៨-២០២៥ និងបញ្ជាក់ពីការប្ដេជ្ញារបស់ UNDP ក្នុងការគាំទ្រដល់ វិស័យសកម្មភាពមីន នៅកម្ពុជា ។

ក្នុងជំនួបទ្វេភាគីជាមួយទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន នាថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ មុននឹងចាប់ផ្តើមកិច្ចប្រជុំក្រុមប្រឹក្សា គម្រោងបោសសម្អាតមីន ដើម្បីលទ្ធផលដំណាក់កាលទី៤ ឆ្នាំ២០២៤ លោកស្រី Alissar Chaker បានកោតសរសើរ និងវាយតម្លៃខ្ពស់ជូនចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែលបានដឹកនាំប្រទេសកម្ពុជាឆ្ពោះទៅរកវឌ្ឍនភាព និងការអភិវឌ្ឍ លើកគ្រប់វិស័យ។

ជាមួយគ្នានោះ លោកស្រី បានវាយតម្លៃខ្ពស់ចំពោះភាពជោគជ័យ នៃលទ្ធផលសម្រេចបានក្នុងការអនុវត្ត ផែនការយុទ្ធសាស្រ្តជាតិសកម្មភាពមីន (NMAS) ២០១៨-២០២៥។

លោកស្រី Alissar Chaker បានបញ្ចាក់ទៀតថា «UNDP នៅបន្តគាំទ្រដល់គោលដៅអាទិភាពរបស់រាជរដ្ឋាភិបាល រួមទាំងក្នុងគោលដៅសកម្មភាពមីន ក៏ដូចជាបន្តគាំទ្រដល់ការរៀបចំគោលនយោបាយជាតិសកម្មភាពមីន ២០២៦-២០៣០ តាមរយៈកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូយ៉ាង ជិតស្និទ្ធជាមួយអាជ្ញាធរមីន» ។

តាងនាមរាជរដ្ឋាភិបាលកម្ពុជា ទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណ និងកោតសរសើរ ចំពោះភាពជាអ្នកដឹកនាំ និងកិច្ចខិតខំប្រឹងប្រែង របស់លោកស្រី Alissar Chaker និងសហការី នៃកម្មវិធីអភិវឌ្ឍន៍ អង្គការប្រជាជាតិ (UNDP) ប្រចាំនៅកម្ពុជា សម្រាប់ភាពជាដៃគូយ៉ាង ជិតស្និទ្ធជាមួយរាជរដ្ឋាភិបាល ក្នុងការរួមចំណែក ដល់កិច្ចការអភិវឌ្ឍនៅកម្ពុជា ក្នុងនោះរួមទាំងវិស័យសកម្មភាពមីនមនុស្សធម៌ ផងដែរ ។

ជាមួយគ្នានោះ ទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណ ចំពោះការប្តេជ្ញាចិត្ត និងការគាំទ្ររបស់ UNDP សម្រាប់វិស័យសកម្មភាពមីននៅកម្ពុជា រួមជាមួយប្រទេសជាមិត្តដទៃទៀត ៕

To Top