ភ្នំពេញ ថ្ងៃទី ២២ ខែមករា ឆ្នាំ២០២៥ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅឆ្នាំ២០២៤ កន្លងមកនេះ បានរកចំណូលពី ការលក់ ផ្លាកលេខពិសេស និងពិសេសផ្ទាល់ខ្លួន បានថវិកាប្រមាណ១៨,៥១ លានដុល្លារអាមេរិក ។ នេះបើតាមរបាយការណ៍ របស់ក្រសួង សាធារណការ និងដឹកជញ្ជូន។
យោងតាមរបាយការណ៍ របស់ក្រសួងសាធារណការ និងដឹកជញ្ជូនបានចែកដល់អ្នកសារព័ត៌មាន និងមន្ត្រីដែលចូលរួម ក្នុងសន្និបាតក្រសួងសារធាណការ នាថ្ងៃទី២២ ខែមករា ឆ្នាំ ២០២៥ ក្រោមអធិបតីភាព លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និង ដឹកជញ្ជូន បានឲ្យដឹងថា ការងារដឹកជញ្ជូនផ្លូវគោក ក្នុងឆ្នាំ២០២៤ ក្រសួងបានផ្តល់សេវា ចុះបញ្ជី លិខិត អនុញ្ញាត និងអាជ្ញាបណ្ណផ្នែកដឹកជញ្ជូន ផ្លូវគោក បានចុះបញ្ជីយានយន្តចំនួន ៣៧៣ ០៦៩គ្រឿ ង (ម៉ូតូ ៣១៧ ៧១២គ្រឿង និងរថយន្ត ៥៥ ៣៥៧គ្រឿង) កើនឡើង ០,០១% ធៀបនឹងឆ្នាំ ២០២៣ ដែលមានចំនួន ៣៧០ ៥៧៧គ្រឿង ។
របាយការណ៍ បានឲ្យដឹងទៀតថា ក្រសួងសាធារណការ បានចុះបញ្ជីរថយន្តបំពាក់ផ្លាក លេខពិសេស និងពិសេសផ្ទាល់ ខ្លួនចំនួន ៣០ ៣៧១គ្រឿង ទទួលបានចំណូលសរុបប្រមាណ ១៨,៥១លានដុល្លារអាម៉េរិក កើនឡើង ០,០១% ធៀប នឹងឆ្នាំ២០២៣ ដែលមានចំនួន ១៨,៣៩លានដុល្លារអាម៉េរិក។បានចុះបញ្ជីយានយន្តដើរដោយថាមពលអគ្គិសនី (EV) ចំនួន ៣ ១២២គ្រឿង កើនឡើង ៣១២% ធៀបនឹងឆ្នាំ២០២៣ ដែលមានចំនួន ៧៥៧គ្រឿង ។បានត្រួតពិនិត្យ លក្ខណៈបច្ចេក ទេសយានយន្ត (ឆៀក) ចំនួន ៤៦៧ ៣៦០គ្រឿង កើនឡើង ១២,៥៨% ធៀបនឹងឆ្នាំ២០២៣ ដែលមានចំនួន ៤១៥ ១២៩គ្រឿង ។
ជាមួយគ្នានោះដែរ ក្រសួង បានត្រួតពិនិត្យយានយន្តដឹកជញ្ជូន លើសទម្ងន់កម្រិតកំណត់មានចំនួន ២ ៨៥១ ៥៥៨គ្រឿង ក្នុងនោះយានយន្តពិន័យ មានចំនួន ១ ៨០៣គ្រឿង ថយចុះ ១៩,៧៦% ធៀបនឹ ងឆ្នាំ២០២៣ ដែលមានចំនួន ២ ២៤៧គ្រឿង និងបានត្រួតពិនិត្យយាន យន្តកែច្នៃខុសលក្ខណៈ បច្ចេកទេស មានចំនួន ៥៤ ៥២១គ្រឿង កើនឡើង ៤៦,២៦% ធៀបនឹងឆ្នាំ២០២៣ ដែលមានចំនួន ៣៧ ២៧៦គ្រឿង៕